អន្តរជាតិ

មេដឹកនាំប្រទេសG20 ប្រកាសថ្កោលទោសការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន

មេដឹកនាំប្រទេសសេដ្ឋកិច្ចយក្សទាំង២០ ឬហៅកាត់ថាក្រុម G20 បានចេញសេចក្តីប្រកាស​ថ្កោលទោសផ្លូវការលើរុស្ស៊ី ជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែន។

អស់រយៈពេលយ៉ាងយូរទម្រាំបានប្រទេសសេដ្ឋកិច្ចធំៗទាំង២០ បានជួបជុំគ្នាដោយ​ផ្ទាល់នៅឯ​កោះបាលីប្រទេសឥណ្ឌូណេស៊ីនៅក្នុងខែវិច្ឆិកានេះ។ ក្នុងពេលដែលមានដំណឹង​នៃការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ីមកលើរដ្ឋធានីអ៊ុយក្រែន ចំថ្ងៃនៃកិច្ចប្រជុំ សមាជិកភាគច្រើនហាក់មិនស្ទាក់ស្ទើរក្នុងការបោះឆ្នោតថ្កោលទោសរុស្ស៊ី ទោះបីជារុស្ស៊ីជា​សមាជិកមួយ និងកំពុងមានវត្តមានក្នុងកិច្ចប្រជុំក៏ដោយ។ សេចក្តីថ្លែងការណ៍បាន​និយាយថា ច្បាប់អន្តរជាតិត្រូវតែប្រកាន់ខ្ជាប់ ការគំរាមកំហែងនៃការប្រើប្រាស់អាវុធ​នុយក្លេអ៊ែរគឺមិនអាចទទួលយកបានទេ។ វាបានធ្វើឲ្យប៉ះពាល់ដល់គំនិតផ្តួចផ្តើមគ្រាប់​ធញ្ញជាតិ​នៅសមុទ្រខ្មៅ ដោយសារសង្រ្គាមបានរារាំងគ្រាប់ធញ្ញជាតិដឹកទៅកាន់​ទីផ្សារ​ពិភពលោក។

“សមាជិកជាច្រើនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសង្គ្រាមខុសច្បាប់ អយុត្តិធម៌ និងបង្កហេតុរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយបានអំពាវនាវឱ្យបញ្ចប់សង្គ្រាម” ។ “សមាជិកទាំងនេះបានសម្តែងការព្រួយបារម្ភអំពីការខូចខាតដែលបង្កឡើងដោយជម្លោះលើហេដ្ឋារចនាសម្ព័ន្ធសុខភាពសំខាន់ៗ ក៏ដូចជាការស្លាប់ និងរបួសរបស់បុគ្គលិកថែទាំ​សុខភាព ស្ត្រី និងកុមារទន់ខ្សោយ”។

ជុំវិញសេចក្តីប្រកាសនេះ ខាងរុស្ស៊ីដែលមានអ្នកតំណាងទៅប្រជុំគឺលោករដ្ឋមន្រ្តី​ការបរទេស Sergei Soigu មិនបានផ្តល់សេចក្តីថ្លែងការណ៍ឆ្លើយតបនោះទេ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា