អន្តរជាតិ

មីស៊ីលរុស្ស៊ីធ្លាក់សម្លាប់មនុស្ស២នាក់ លើទឹកដីប៉ូឡូញដែលជាសមាជិកអង្គការណាតូ

វីរវរហើយ សម្ព័ន្ធអង្គការណាតូ នៅថ្ងៃពុធទី១៦ ខែវិច្ឆិកានេះ បានកោះហៅប្រជុំជាបន្ទាន់ បន្ទាប់ពី មីស៊ីលផលិតដោយរុស្ស៊ីបានធ្លាក់ចំភូមិមួយក្នុងទឹកដីប៉ូឡូញសម្លាប់មនុស្ស២នាក់យ៉ាងអាណោច អាធ័ម។

យោងតាមសារព័ត៌មានរ៉យទ័រ ភាពតានតឹងដ៏ក្តៅគគុកនេះ បានកើតឡើងចំភូមិមួយនៃPrzewodów ប្រទេសប៉ូឡូញ ដែលជាភូមិស្ថិតនៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែននៅថ្ងៃពុធទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ជាលទ្ធផលមនុស្សពីរនាក់ជាជនស៊ីវិលមិនត្រូវបានបញ្ជាក់ឈ្មោះឡើយបាន បាត់បង់ជីវិតភ្លាមៗ ក្រោយត្រូវគ្រាប់មីស៊ីលផលិតដោយ រុស្ស៊ី។ រដ្ឋាភិបាលប៉ូឡូញបាន កោះហៅអ្នកតំណាងស្ថានទូតរុស្ស៊ីចូលខ្លួនមកបំភ្លឺភ្លាមៗតែម្តង ខណៈមិនទទួលបានព័ត៌មាន ទទួលខុសត្រូវណាមួយនោះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់ថា រុស្ស៊ីមិនមានព័ត៌មានអំពីរឿងនេះទេ មានន័យថារុស្ស៊ីមិនបានបាញ់ឡើយ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតី​ប៉ូឡូញ លោក Andrezj Duda ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ការស៊ើបអង្កេតដ៏ហ្មត់ចត់បំផុតកំពុងធ្វើឡើង។ លោកថា “យើងមិនទាន់មានភ័ស្តុតាងបញ្ជាក់ណាមួយ នៅឡើយទេថាតើអ្នកណាជាអ្នកបាញ់កាំជ្រួចនេះ វាទំនងជាមីស៊ីលដែលផលិតដោយរុស្ស៊ី ប៉ុន្តែទាំងអស់នេះនៅតែស្ថិតក្រោមការស៊ើបអង្កេត”។

ទន្ទឹមនឹងស្ថានការណ៍កំពុងតានតឹងខ្លាំង មេដឹកនាំអង្គការណាតូ លោក Jens Stoltenberg បានកោះហៅកិច្ចប្រជុំថ្ងៃដដែលជាបន្ទាន់ក្រោមមាត្រា៤ ខណៈសមាជិកទាំងអស់កំពុងសម្ដែងការ ភ្ញាក់ផ្អើល ព្រោះប៉ូឡូញគឺជាសមាជិកមួយនៃសម្ព័ន្ធ។ អ្នកវិភាគអន្តរជាតិបានលើកឡើងថា ព្រឹត្តិការណ៍នេះនឹងទាញជម្លោះឲ្យកាន់តែរីកធំពីលើសង្រ្គាមអ៊ុយក្រែនបន្ថែមទៀត។ នៅក្នុងមាត្រា៥ របស់ណាតូ  ប្រសិនបើសមាជិកណាមួយរងការវាយប្រហារ មានន័យស្មើនឹងវាយប្រហារសមាជិក ទាំងអស់ដែរ៕

ប្រភព៖  REUTERS

ប្រភពរូប៖ REUTERS
ប្រែសម្រួល៖សុខ តុលា