អន្តរជាតិ

មន្រ្តីអាម៉េរិកថាមីស៊ីលរុស្ស៊ីបាញ់ធ្លាក់នៅប៉ូឡូញ បាញ់ដោយអ៊ុយក្រែន

មន្រ្តីអាម៉េរិកជាច្រើននាក់បាននិយាយថា មីស៊ីលរុស្ស៊ីដែលបានបាញ់ធ្លាក់នៅលើទឹកដី​ប្រទេស​ប៉ូឡូញនៅថ្ងៃពុធនេះ គឺបាញ់ដោយកងកម្លាំងអ៊ុយក្រែន។

នេះដោយយោងតាមបណ្តាញសារព័ត៌មាន AP  បានដកស្រង់សម្ដីមន្រ្តីអាម៉េរិកចំនួន ៣រូបបាននិយាយក្នុងលក្ខខណ្ឌសម្ងាត់មិនបញ្ចេញឈ្មោះនៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ មន្រ្តីទាំងនេះមិនត្រូវបានគេអនុញ្ញាតឲ្យចេញមុខពិភាក្សាជា​សាធារណៈ​នោះទេ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ។ ក៏ប៉ុន្តែពួកគេបានពោលថា មីស៊ីល ផលិតដោយរុស្ស៊ីដែលបានបាញ់ធ្លាក់លើភូមិមួយនៅក្នុងប្រទេសប៉ូឡូញសម្លាប់មនុស្សចំនួន ២នាក់ជាប់នឹងព្រំដែនអ៊ុយក្រែននោះ គឺត្រូវបានបាញ់ដោយកងកម្លាំងអ៊ុយក្រែន ក្នុងពេលពួកគេកំពុងទប់ទល់ស្ទាក់ចាប់មីស៊ីលរុស្ស៊ីតាមអាកាស។ នៅក្នុងកិច្ចប្រជុំបន្ទាន់ លោកប្រធានាធិបតីអាម៉េរិកចូបៃដិន នៃក្រុមសម្ព័ន្ធអង្គការណាតូ ក៏ដូចជាប្រទេស G7 បានកត់សម្គាល់ថា មីស៊ីលដែលបាញ់នោះ ទំនងមិនមែនរុស្ស៊ីជាអ្នកបាញ់នោះទេ តែលោកក៏បានប្តេជ្ញារួមគ្នាជាមួយសម្ព័ន្ធមិត្តដើម្បីវែកមុខប្រភពពិតប្រាកដផងដែរ។

គួរជម្រាបថា ទោះអ៊ុយក្រែនបច្ចុប្បន្នបានទទួលនូវជំនួយអាវុធពីលោកខាងលិចក៏ដោយ តែអ៊ុយក្រែន​នៅ​តែ​រក្សា​ស្តុក​សព្វាវុធ​របស់​អតីត​សហភាព​សូវៀត និង​រុស្ស៊ី  រួម​ទាំង​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាស S-300។ នេះដោយយោងតាមមន្រ្តីអាម៉េរិក៕

ប្រភព៖  AP

ប្រភពរូប៖AP
ប្រែសម្រួល៖សុខ តុលា