សេដ្ឋកិច្ច

ពិ​ព័រ​ណ៏ CAMFOOD’22 និង CAMBUILD’22 បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​

ស​ភ្នំពេញ​៖​ពិ​ព័រ​ណ៏ CAMFOOD’22 និង CAMBUILD’22 បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី ១៦ វិច្ឆិកា នៅ​សហ​សាល​ពិ​ព័រ​ណ៏​និង​សន្និបាត កោះ​ពេជ្រ រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង លោក លូ ម៉េង ប្រធាន សហព័ន្ធ​ទេសចរ​ណ៏​កម្ពុជា​។​

​ពិ​ព័រ​ណ៏​ខ្នាត​អន្តរជាតិ​សម្រាប់​វិស័យ​ផ្គត់ផ្គង់ ម្ហូបអាហារ ស​ណ្ធា​គារ និង​ប​ដិ​ស​ណ្ធា​រ​កិច្ច​ដែល​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ផ្តើម​ពីថ្ងៃ​ទី​១៦​ដល់​១៨​ខែវិច្ឆិកា​ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។

​ពិ​ព័រ​ណ៏​នេះ​ក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ស្ថាប័ន​សំខាន់ៗ​រួមមាន សមាគម​អូ​តែ​ល​កម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា សមាគម​សហគមន៍​ចុងភៅ​កម្ពុជា និង​វិទ្យាស្ថាន ម្ហូបអាហារ​កម្ពុជា និង​គណៈ សា្ថ​ប​ត្យ​ករ កម្ពុជា ។​

​លោក DARREN SIOW អ្នកគ្រប់គ្រង​និង​រៀបចំ​កម្មវិធី​នេះ​បានការ​ថ្លែង​ក្នុង​ពិធីសម្ពោធ​បើក កម្មវិធី​ពិ​ព័រ​ណ៏​នេះ​ថា “​ការ​ត្រឡប់មកវិញ​នៃ​ព្រឹត្តិការណ៍​ក្នុង ឆ្នាំនេះ គឺជា​សញ្ញា​ដ៏​រឹងមាំ​មួយ​នៃ​ការ​ងើបឡើង​វិញ​នៃសេដ្ឋកិច្ចជាតិ​នៅក្នុង​ប្រទេស​កម្ពុជាបន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩រយៈ​ពេល​​២​ឆ្នាំ​” ។

​ព្រឹត្តិការណ៍​នេះ​តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​ម្លេះតែ​ដោយសារតែ​វិបត្តិ កូ​វីដ​១៩បាន​រាតត្បាត​ធ្វើឱ្យ​យើង​មាន​ការ​ខកខាន​នៅក្នុង​រយៈពេល​២ ឆ្នាំ ២០២០-២០២១ ។ ការ​ត្រឡប់មកវិញ​នៃ​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​២០២២ ត្រូវបាន​គេ​មើល​សម្គាល់ថា​ជា   ស​ញ្ញា​វិជ្ជមាន​នៃ​ការ​ងើប​ឡើងវិញ​នៅក្នុង​ឧស្សាហ​កម្មនេះ​។

​លោក​បាន​បញ្ជាក់ថា​៖​ពិ​ព័រ​ណ៏ CAMFOOD/CAMHOTEL’22 និង CAMBUILD’22 ត្រូវមាន​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​ពិ​ព័រ​ណ៏​អន្តរជាតិ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​វិស័យ​ឧស្សាហកម្ម ម្ហូបអាហារ ស​ណ្ធា​គារ ប​ដិ​ស​ណ្ធា​រ​កិច្ច និង​ឧស្សាហកម្ម​សំណង់​ហើយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំង​ជាតិ​និង​អន្តរជាតិ​សរុប​ជាង​២៥០​ក្នុងការ​ចូលរួម​ដាក់​តាំង​បង្ហាញ​ផលិតផល​និង​សេវាកម្ម​ពាក់ព័ន្ធ​ហើយ​រំពឹងថា​នឹង​ទាក់ទាញ​អ្នកទស្សនា​ជាង​១​ម៉ឺន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ ។

​លើសពីនេះទៅទៀត ការតាំងពិព័រណ៍​បាន​សហការ​ជាមួយ សមាគម​សណ្ឋាគារ​កម្ពុជា រៀបចំ បង្កើត​វេទិការ​ស្វែង​ការងារ​សម្រាប់​វិស័យ​បដិសណ្ឋារកិច្ច​ក៏ដូចជា​ការប្រកួតប្រជែង​រៀបចំ​គ្រែ របៀប​រចនា​និង​តុបតែង​ផ្កា និង សិក្ខាសាលា​ចែករំលែក​អំពី​ប​ចេ្ច​ក​ទេស ការច្នៃប្រឌិត​ថ្មីៗ ផ្នែក វិស័យ​កាហ្វេ ការគ្រប់គ្រង​បដិសណ្ឋារកិច្ច និង​សំណង់​ជាដើម​ដែល​រៀបចំឡើង​ដោយ​អ្នកជំនាញ​ជាច្រើន ។​

​ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​នេះ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ពិព័រណ៍​វិស័យ​ផ្គត់ផ្គង់​ម្ហូបអាហារ សណ្ឋាគារ និង​សំណង់ ខ្នាត​អន្តរជាតិ​នេះ បាន​ខកខាន​ការរៀបចំ​របស់ខ្លួន​អស់​រយៈកាល ០២​ឆ្នាំ មកហើយ គឺ​នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។​នៅថ្ងៃនេះ​យើង​ទទួលបាន​ឱកាស​រៀបចំ​ពិធី​តាំងពិព័រណ៍​នេះ​ឡើងវិញ ស្រប​ពេល​ដែល​​ឆ្នាំ​២០២២​ត្រូវបាន​កំណត់​ជា​ឆ្នាំ​ដំបូង​នៃ​ដំណើរ​ងើបឡើង​វិញ​(Recovery)​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម​បណ្ឌិត បាន​លើកឡើងថា​៖​ជំងឺ​កូ​វីដ​-១៩ មិន​ត្រឹមតែ​ជា​ជំងឺ​ដ៏​កាច​សាហាវ​ដោយ​បង្ក​មហន្តរាយ​ចំពោះ​សុខភាព​សាធារណៈ​ដែល​​បានសម្លាប​ជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេប៉ុន្តែ​បាននិងកំពុង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្ត្រ ដល់​សេដ្ឋកិច្ចពិភពលោក ដែល​​ក្នុង​នោះ​សកម្មភាព​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់​បាន​ធ្លាក់ចុះជាមួយ​ការកើនឡើង​នៃ​អត្រា​អត់​ការងារ​ធ្វើ​,ការបាត់​បង់​​ចំណូល និង​បញ្ហា​ប្រឈម​ផ្នែក​សង្គម​។ ជាក់ស្តែង​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​ធ្លាប់​តែមាន​អត្រាកំណើន​នៃ​ការមកដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​គួរឱ្យកត់សម្គាល់ ក្នុងនោះ ឆ្នាំ​២០១៩ ជា​ឆ្នាំ​កំពូល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ដោ​ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ​ជាង ៦,៦​លាន​នាក់ កើនឡើង ៦%​។ ប៉ុន្តែ ជាង ២​ឆ្នាំ កន្លងមក វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដោយសារតែ​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​រាំងស្ទះ​ដល់​ការធ្វើដំណើរ​ជា​អន្តរជាតិ ហើយ​ធុរកិច្ច​ជាច្រើន​ក្នុង​វិស័យនេះ​ត្រូវបាន​ប៉ះពាល់​។​ជាក់ស្តែង ឆ្នាំ​២០២០​កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ប្រមាណ​តែ ១,៣ លាន​នាក់ ថយចុះ ៨០,២% ធៀប​នឹង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ២០ ម៉ឺន​នាក់ ថយចុះ ៨៥% ធៀប​នឹង​ឆ្នាំ​២០២០ និង​ថយចុះ ៩៧% ធៀប​នឹង​ឆ្នាំ​២០១៩​។ ក្នុងអំលុងពេល​មានការ​ផ្ទុះ​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩​អាជីវកម្ម​ទេសចរណ៍​ដែល​ទទួលរង​ផលប៉ះពាល់​និង​បាន​បិទ​-​ផ្អាក​សរុប​ប្រមាណ ៣៩១៥​ទីតាំង ស្មើនឹង​ប្រមាណ ៤១% នៃ​ចំនួន​អាជីវកម្ម​សរុប និង​ប៉ះពាល់​បុគ្គលិក​ប្រមាណ ៥៣៥៣៤​នាក់ ស្មើនឹង​ប្រមាណ ៤៥% នៃ​ចំនួន​បុគ្គលិក​សរុប​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើងថា​៖​ដើម្បី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឡើងវិញ ប្រកបដោយ​ភាព​ធន់ ចីរភាព និង​បរិ​យា​ប័ន្ន រាជរដ្ឋាភិបាល​ក៏បាន​អនុម័ត​នូវ “​ច្បាប់​ស្តីពី​វិនិយោគ​” ថ្មី​មួយ និង បានដាក់​ចេញ​នូវ “​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩​តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣”​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​ក្រុមហ៊ុន AMB Tarsus Events Group និង​ផ្នែក​ឯកជន​ដែលមាន សហព័ន្ធ​ទេសចរណ៍​កម្ពុជា សមាគម​ចុងភៅ​កម្ពុជា សមាគម​សណ្ឋាគារ​កម្ពុជា និង​សមាគម​ភោជនីយដ្ឋាន​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​និង​សហការ​គាំទ្រ​ក្នុងការ​បង្កើតឱ្យមាន​កម្ម​វិធី​ពិព័រណ៍​នេះ​ឡើង​។

​ឯកឧត្តម លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ បាន​ថ្លែងថា​៖​ពិព័រណ៍​នេះ​បានបង្ហាញ​ពី​ការជឿជាក់​លើ​សក្តានុពល​ទីផ្សារ​វិស័យ​សំណង់ និង​សេដ្ឋកិច្ចកម្ពុជា​និង​ជា​សកម្មភាព​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ផ្សព្វផ្សាយ​បង្ហាញ​ពី​ការរីកចម្រើន​និង​ការអភិវឌ្ឍន៍​វិស័យ​ឧស្សា ហ​កម្ម​សំណង់​នៅ​កម្ពុជា​៕ដោយៈសិរីមតី