សន្ដិសុខសង្គម

បញ្ជូនអ្នក​បើក​រថយន្ដហ្វតបុក​ម៉ូតូ​អម​ក្បួន​ប្រតិ​ភូ​ទៅ​តុលាកា​រ​

ភ្នំពេញ៖នគរបាលចរាចរណ៍រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា បានបញ្ជូនអ្នកបើករថយន្ដ Ford ករណីបុកម៉ូតូសអមក្បួនប្រតិភូទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង ខណៈមានរថយន្ដ Ford បានបុកម៉ូតូស អមក្បួនប្រតិភូក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូល  អាស៊ាន។ហេតុការណ៍នោះបានកើតឡើងនៅម្តុំស្ពាននាគវត្តភ្នំ នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ពេលមានគ្រោះថ្នាក់នោះកើតឡើង ក៏មានចម្ងល់ថាតើសមត្ថកិច្ចអត់បិទផ្លូវទេឬ បានជាបណ្តែតបណ្តោយឱ្យរថយន្តនិងម៉ូតូនៅតែអាចធ្វើចរាចរឆ្លងកាត់ស្រួលម៉្លេះ? ព្រោះថាបើបិទគ្មានរថយន្តម៉ូតូណាហ៊ានបើកឆ្លងកាត់ឡើយ។ ប៉ុន្តែបើនៅតែហ៊ានបំពានបង្កឱ្យកើតមានគ្រោះថ្នាក់បែបនេះគឺច្បាស់ជាមានបញ្ហាធំមិនខាន។

ជុំវិញករណីនេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញបានបញ្ជាក់ថា នេះជាគ្រោះថ្នាក់ធម្មតា មិនមែនកើតឡើងក្នុងអំឡុងពេលបើកនាំក្បួនប្រតិភូទេ ។ពេលនោះម៉ូតូសកំពុងជិះទៅកាន់ទីតាំងអាកាសយានដ្ឋានដើម្បីដឹកនាំក្បួន ។

ទោះយ៉ាងណា អ្នកបើកបររថយន្ដ Ford ដែលបុកម៉ូតូសនៅថ្ងៃនោះ ត្រូវបាននគរបាលរាជធានី​ភ្នំពេញបញ្ជូនទៅតុលាការរួចហើយ៕ដោយ៖វិចិត្រ