សន្ដិសុខសង្គម

ឃុំខ្លួនជនសង្ស័យ២នាក់ករណីលួចកាប់គោអ្នកស្រុកពន្លះយកសាច់លក់

ស្ទឹងត្រែង៖នគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះថា ជនសង្ស័យ២ នាក់លួចកាប់គោអ្នកស្រុកពន្លះយកសាច់លក់នោះ ត្រូវតុលាការចេញដីកាឃុំខ្លួនកាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកា។

សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី ១៣ វិច្ឆិកា ជនសង្ស័យ២នាក់លួចកាប់គោអ្នកស្រុកមួយក្បាល​ពន្លះយកសាច់នៅក្នុងចម្ការស្វាយមួយកន្លែង ស្ថិតក្នុងភូមិសំរោង ឃុំស្រែសំបូរ។ដោយជនសង្ស័យបានធ្វើសកម្មភាពយកកាំបិត ពូថៅពន្លះសាច់គោច្រកបាវ។

ជនរងគ្រោះជាម្ចាស់គោឈ្មោះផាន់តូ អាយុ ២៧ឆ្នាំ នៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង បានមកដាក់ពាក្យបណ្ដឹង។ក្រោយមកសមត្ថកិច្ចក៏បានចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ​ចំនួន២នាក់ ទី១ឈ្មោះហែម ហេង អាយុ៥៥ ឆ្នាំនិងឈ្មោះយ័ន សុភ័ក្រ្ត អាយុ ៥២ ឆ្នាំ។ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ៕ដោយ:សុខុម