សន្ដិសុខសង្គម

គ្រោះថ្នាក់ចរាចរផ្ទួនៗនៅកន្លែងដដែលបង្កឱ្យមនុស្ស១១នាក់រងរបួស

ស្ទឹងត្រែង៖គ្រោះថ្នាក់ចរាចរចំនួន២លើកនៅកន្លែងដដែល បង្កឱ្យមានអ្នករងរបួសច្រើននាក់នៅផ្លូវជាតិ​លេខ៩ ក្នុងភូមិឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី១៥ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់លើកទី១រវាងម៉ូតូបុកគោយន្តកែច្នៃ បណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ អ៊ិន ម៉ន អាយុ ៥៧ ឆ្នាំ ជាគ្រូពេទ្យនៅភូមិអូរត្រែល ស្រុកថាឡាបរិវ៉ាត់ រងរបួសធ្ងន់។ជិះម៉ូតូផ្លាកលេខ ស្ទឹងត្រែង 1C- 4337 បានបុកជាមួយគោយន្តកែច្នៃ បើកបរដោយឈ្មោះ ហ៊ុន កូវ អាយុ៥៤ ឆ្នាំ​ នៅភូមិឃុំជាមួយគ្នា។

ពេលកំពុងជួយសង្គ្រោះអ្នករងរបួស ក៏ស្រាប់តែមានរថយន្តម៉ាក Camry  ផ្លាកលេខស្ទឹងត្រែង 2A- 4347 បើកបរដោយឈ្មោះ ខន វិញច័ន្ទ អាយុ ៦២ឆ្នាំ ជាមន្ត្រីយោធានៅក្រុងខេត្តស្ទឹងត្រែងមកបុករះ​ម៉ូតូចតនិងម៉ូតូដែលគ្រោះថ្នាក់ចំនួន៥គ្រឿងជាមួយមនុស្សប្រុសស្រីដែលឈរមើលហេតុការណ៍កើតឡើងនោះឱ្យរបួសសរុបចំនួន១១នាក់ ។

ជនរងគ្រោះរងរបួសធ្ងន់ស្រាលទាំង១១នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែងភ្លាមៗ។ចំពោះម៉ូតូ៥គ្រឿង គោយន្តកែច្នៃនិងរថយន្ត រួមទាំងអ្នកបើកបរ​ត្រូវបានបញ្ជូនទៅផ្នែកជំនាញខេត្តដើម្បីបន្តនីតិវិធី៕ដោយ:សុខុម