សន្ដិសុខសង្គម

ខឹងគេជិះម៉ូតូកាន់ដុំឥដ្ឋគប់រថយន្ត ម្ចាស់បើកកៀរដួលរបួសធ្ងន់២នាក់

ប៉ៃលិន៖ម្ចាស់រថយន្តម៉ាក FORD បានអះអាងថា បុរស២នាក់បានកាន់ដុំឥដ្ឋគប់លើរថយន្តរបស់ខ្លួន ក៏បើកដេញតាមកៀរម៉ូតូឱ្យដួលផ្ទប់នឹងបង្គោលភ្លើង បណ្ដាលឱ្យបាក់ជើងរបួសធ្ងន់ទាំង២នាក់។

ម្ចាស់រថយន្ដ

មន្ត្រីនគរបាលបានឱ្យដឹងថា  កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា មានគ្រោះថ្នាក់ចរាចររវាងរថយន្ដនិងម៉ូតូ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យបុរស២នាក់បាក់ជើងរងរបួសធ្ងន់ទាំង២នាក់និងម៉ូតូខូចខាតយ៉ាងដំណំ។

អ្នកបើកបរឈ្មោះ សូ ស៊ីណា អាយុ២៧ឆ្នាំ ជាអ្នកលក់ដូរនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើករថយន្តម៉ាក FORD RANGER WILDTRAK  ផ្លាកលេខ 2BW-9449 អ្នករួមដំណើរឈ្មោះ សា ទី អាយុ២០ឆ្នាំ។រីឯខាងជនរងគ្រោះឈ្មោះ យន់ អាយុ២៣ឆ្នាំ នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បើកម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខ ប៉ៃលិន 1C-5782 បាក់ភ្លៅរងរបួសធ្ងន់និង អ្នករួមដំណើរដែលកាន់ដុំឥដ្ឋគប់រថយន្តរងរបួសធ្ងន់។

ក្រោយកើតហេតុ ​សមត្ថកិច្ចជំនាញពិនិត្យនិងវាស់វែងរួចបានយករថយន្តនិងម៉ូតូទៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅរង់ចាំការដោះស្រាយនៅពេលក្រោយ៕ដោយ៖វិចិត្រ