ព័ត៌មានជាតិ

ការងារជួសជុលស្ពានហាលផ្នែកខាងលិចប្រាសាទអង្គរវត្តដល់ដំណាក់កាលជិតបញ្ចប់

អាជ្ញាធរជាតិអប្សរា កំពុងបន្តបិទបាយអនៅតាមមុខតំណផ្ទាំងថ្មភក់ ដែលជាកម្រាលស្ពានហាលបានបាត់បង់ផ្នែកខ្លះ ឱ្យមានភាពប្រសើរឡើងវិញ ហើយការជួសជុលនេះស្ទើរតែដល់ទីបញ្ចប់ទៅហើយ។

ការបិទបាយអនៅតាមជង្ហុក មុខតំណរបស់ផ្ទាំងថ្មភក់ ដែលជាកម្រាលរបស់ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្តនេះ មានប្រយោជន៍ជាច្រើនដូចជា បញ្ចៀសកុំឱ្យទឹកដក់ធ្វើឱ្យដុះស្លែ កុំឱ្យទឹកដក់ ដែលអាចជ្រាបចូលតួស្ពាននាំឱ្យខូចគ្រឹះរបស់ស្ពានហាល ព្រមទាំងសម្រួលដល់ការដើរឆ្លងកាត់របស់ភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុផ្សេងៗ ព្រមទាំងជាការជួយលើកសោភ័ណភាពកម្រាលថ្មភក់ របស់ស្ពានហាលឱ្យបានល្អប្រសើរឡើងថែមទៀតផង។

មន្ត្រីបច្ចេកទេសនិងអភិរក្សជួសជុលថ្ម (ITALIA) នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាលោក មុំ សុផុន មានប្រសាសន៍ថាការងារនេះចាប់ផ្តើមនៅខែវិច្ឆកាហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំខាងមុខ។

កម្រាលស្ពានហាល ដែលក្រុមការងារកំពុងមមាញឹកក្នុងការបិទកំបោរបាយអនេះ មានប្រវែងសរុប៩០ម៉ែត្រ។ប៉ុន្តែក្នុងរយៈពេល២-៣ថ្ងៃមកនេះ ក្រុមការងារទើបតែបិទបាយអបានប្រវែងប្រមាណ១០ម៉ែត្រ ប៉ុណ្ណោះ។

លោក មុំ សុផុន បានឱ្យដឹងទៀតថាគ្រឿងផ្សំនៃកំបោរបាយអរួមមានខ្សាច់ ម្សៅថ្មភក់ ម្សៅថ្មបាយក្រៀម កំបោរលៀសនិងទឹកជាដើម គឺសុទ្ធតែជាវត្ថុធាតុដើម ដែលរកបាននៅក្នុងស្រុកទាំងអស់ ក៏ប៉ុន្តែបច្ចេកទេសនៃការលាយធ្វើតាមរូបមន្តយ៉ាងត្រឹមត្រូវ មិនបានធ្វើឱ្យប៉ះពាល់ឬក៏ខូចខាតដល់សាច់ថ្មឡើយ។

ក្រុម អ្នកជំនាញរំពឹងថា ក្រោយពីបានបំពេញនៅតាមជង្ហុកនៅលើស្ពានហាលផ្នែកខាងលិចនៃប្រាសាទអង្គរវត្តរួចរាល់ គឺភ្ញៀវទេសចរអាចដើរឆ្លងកាត់យ៉ាងមានសុវត្ថិភាព ដោយមិនឱ្យមានការក្រឡាច់ ឬជំពប់ជើងឡើយ៕