សេដ្ឋកិច្ច

១០​ខែ កម្ពុជា នាំចូល​ដែក និង​ដែកថែប ពី​ក្រៅប្រទេស​ជាង​៣០០​លាន​ដុល្លារ​

​ភ្នំពេញៈ​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចូល​ដែក​និង​ដែកថែប ពី​ក្រៅប្រទេស​មក​បំពេញតម្រូវកា​រ​ក្នុងស្រុក​ដែលមាន​តម្លៃ​ជាង​​៣០១​លាន​ដុល្លារ​។​កំណើន​នៃ​ការ​នាំចូល​សម្ភារៈ​ពី​ដែក និង​ដែកថែប​នេះ បង្ហាញ​ពី​តម្រូវការ​ក្នុងស្រុកលើ​ការអភិវឌ្ឍ​គម្រោង​សំណង់​​នានា និង​ជាការ​ត្រៀមខ្លួន សម្រាប់​ការផ្គត់ផ្គង់​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ​។​

​យោងតាម​តារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម នាំចូល​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ចេញផ្សាយ​ថ្មីៗ​នេះ បានឱ្យដឹងថា ក្នុង​រយៈ​ពេល​១០​ខែ​ដើមឆ្នាំ​២០២២ ការនាំ​ចូល​ដែក និង​ដែកថែប មាន​ទឹកប្រាក់​សរុប​៣០១,៨៦៨​លាន​ដុល្លារ កើន​២២,៣​ភាគរយបើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​២៤៥,០៨៨​លាន​ដុល្លារ​។​

​ទឹកប្រាក់​ការនាំ​ចូល​ដែក និង​ដែកថែប ស្មើនឹង​ប្រមាណ​១,២​ភាគរយ​នៃ​ការចំណាយ​សរុប​របស់​កម្ពុជា ទៅលើ​ការ​នាំចូល​ទំនិញ​ក្នុង​រយៈ​ពេល​១០​ខែ ឆ្នាំ​២០២២ ដែលមាន​តម្លៃ​សរុប​ជាង​២៥.៨១៧​លាន​ដុល្លារ​អាមេរិក​។​

​ដោយឡែក សម្រាប់​ពេញ​មួយខែ​តុលា ឆ្នាំ​២០២២​នេះ ការនាំ​ចូល​ដែក និង​ដែកថែប​មានតម្លៃ​៣០,០៩​លាន​ដុល្លារ​អាមេរិក កើនឡើង​៦០,៨​ភាគរយ ពី​១៨,៧១១​លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១​៕ដោយ៖សិរីមតី