អន្តរជាតិ

អាម៉េរិកដាក់ទណ្ឌកម្មថ្មីបង្អាក់ខ្សែសង្វាក់ផ្គត់ផ្គង់យោធារុស្ស៊ី

សហរដ្ឋអាម៉េរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីដល់រុស្ស៊ី ដោយកំណត់គោលដៅមនុស្សជាង ១០នាក់ អង្គភាពជាង២០ ដើម្បីបង្អាក់ខ្សែសង្វាក់ផ្គត់ផ្គង់យោធារុស្ស៊ី។

បើតាមរដ្ឋលេខាធិការអាម៉េរិក លោក Antony Blinken និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ទណ្ឌកម្មនឹងត្រូវដាក់ទៅលើមនុស្សចំនួន ១៤ នាក់ និងអង្គភាពចំនួន ២៨ ដែលចោទថាជាផ្នែកមួយនៃបណ្តាញឆ្លងដែនផ្គត់ផ្គង់បច្ចេកវិទ្យាដើម្បីគាំទ្រទីក្រុងមូស្គូក្នុងការ​ឈ្លានពានអ៊ុយក្រែន។ ក្នុងនោះ រតនាគារ សហរដ្ឋអាម៉េរិកក៏បានកំណត់សមាជិកគ្រួសារ​របស់មហាសេដ្ឋីរុស្ស៊ី Suleiman Kerimov ក៏ដូចជាបុគ្គលដែលខ្លួនបាននិយាយថាធ្វើការជាអ្នក​សម្របសម្រួលផ្នែកហិរញ្ញវត្ថុនៅក្នុងបណ្តាញរបស់ Suleiman ផងដែរ។

Antony Blinken  បានពោលថា “សហរដ្ឋអាម៉េរិកនឹងបន្តតាមប្រមាញ់ និងរំខានដល់ខ្សែសង្វាក់​ផ្គត់ផ្គង់យោធារបស់រុស្ស៊ី និងផ្តល់មេរៀនចាស់ដៃលើបណ្តាញប្រធានាធិបតីពូទីន ក៏ដូចជាអ្នក​ដែលគាំទ្រលើអំពើឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនបន្ថែមទៀត”។ ចាប់តាំងពីខែកុម្ភៈមក អាម៉េរិកបានដាក់ទណ្ឌកម្ម បង្កកទ្រព្យរុស្ស៊ី បិទការនាំចូលផលិតផលរុស្ស៊ី និងបង្រ្កាបបាន​អ្នករត់ពន្ធបច្ចេកវិទ្យាខុសច្បាប់ទៅឲ្យរុស្ស៊ីជាច្រើននាក់៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា