អន្តរជាតិ

អង្គការសហប្រជាជាតិអំពាវនាវឲ្យរុស្ស៊ី បង់ថ្លៃសំណងខូចខាតដល់អ៊ុយក្រែន

មហាសន្និបាតអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចលើដំណោះស្រាយរួមគ្នាថ្មីមួយ​នៅដើមសប្តាហ៍នេះ ដោយអំពាវនាវឲ្យភាគីរុស្ស៊ីបង់ថ្លៃសំណងខូចខាតដល់អ៊ុយក្រែន។

យោងតាមដំណោះស្រាយដែលបានអនុម័តកាលពីថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សប្តាហ៍នេះ ដែលត្រូវបានគាំទ្រដោយសមាជិកចំនួន ៩៤ នៃសមាជិកសរុប ១៩៣ របស់សភាមហាសន្និបាត​អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសរុស្ស៊ីដែលជាអ្នកបានលុកលុយប្រទេសជិតខាង​របស់ខ្លួនគឺអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈនោះមក “ត្រូវតែទទួលផលផ្លូវច្បាប់នៃរាល់អំពើខុសឆ្គង​អន្តរជាតិដែលបានធ្វើ រួមទាំងការផ្តល់សំណងសម្រាប់ការបាត់បង់ ការរងរបួស និងការខូចខាត​ផ្សេងៗក្នុងសង្រ្គាមឲ្យទៅអ៊ុយក្រែន”។

ទោះបីជាប្រទេសចំនួន ១៤ បានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះ រួមមានទាំងរុស្ស៊ី ចិន និងអ៊ីរ៉ង់ ខណៈដែលប្រទេសចំនួន ៧៣ បានបោះអនុបវាទ រួមទាំងប្រទេសប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង​ក៏ដោយ សេចក្តីសម្រេចនៅតែអាចធ្វើឡើងបានដដែល។

គួរជម្រាបថា អំណាចវេតូរបស់រុស្ស៊ីនៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន ១៥ បានរារាំងស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់អង្គការសហប្រជាជាតិមិនឱ្យធ្វើសកម្មភាពណាមួយឡើយ ចាប់តាំងពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឱ្យមានការឈ្លានពាន។ ប៉ុន្តែចំពោះមហាសន្និបាតវិញគឺមិនដូចគ្នាទេ សិទ្ធិវេតូនៅមហាសន្និបាតគឺមិនមានទេ ដូច្នេះស្ថាប័ននេះបានអនុម័តលើដំណោះស្រាយថ្កោលទោសចំនួនបួនរួចហើយដាក់រុស្ស៊ី៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា