អន្តរជាតិ

អង់គ្លេសបញ្ជាទិញនាវាជើងទឹកថ្មី៥គ្រឿង ជិត៥ពាន់លានដុល្លារទប់ស្កាត់ការគំរាមពីរុស្ស៊ី

ចក្រភពអង់គ្លេស ប្រកាសបញ្ជាទិញនាវាជើងទឹកថ្មីចំនួន៥គ្រឿង តម្លៃជិត ៥ពាន់លានដុល្លារ ដោយលើកឡើងពីការគំរាមកំហែងពីសំណាក់រុស្ស៊ី។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសដែលទើបឡើងកាន់តំណែងថ្មី លោក Rishi Sunak បាននិយាយនៅថ្ងៃ​អង្គារ ទី១៥ ខែវិច្ឆិកានេះថា ចក្រភពអង់គ្លេសនឹងចំណាយប្រាក់រហូតទៅដល់ ៤,២ ពាន់លានផោន ស្មើនឹង៤,៩ ពាន់លានដុល្លារសម្រាប់ការចំណាយទៅលើនាវាកងទ័ពជើងទឹកថ្មីចំនួន ៥ គ្រឿង ដើម្បីពង្រឹងសន្តិសុខជាតិ ក្នុងពេលដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងកើនឡើងពីរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានបន្តថា ការគំរាមកំហែងនោះ គឺជាសកម្មភាពរបស់រុស្ស៊ីធ្វើដាក់អ៊ុយក្រែន​ដែលជាសម្ព័ន្ធមិត្តរបស់អង់គ្លេស។ Sunak ប្តេជ្ញាថា ការជួយដល់ប្រជាជនអ៊ុយក្រែន ក៏ដូចជាជួយដល់​ប្រជាជនអង់គ្លេស វាជាការការពារខ្លួនឯង និងសម្ព័ន្ធមិត្ត។

តាមសេចក្តីថ្លែងការណ៍ ការចំណាយនេះគឺជាដំណាក់កាលបន្ទាប់បន្ថែមមួយទៀតប៉ុណ្ណោះនៅក្នុងកម្មវិធី ខណៈនាវាចម្បាំងចំនួន ៣គ្រឿងកំពុងត្រូវបានសាងសង់រួចហើយពីលើគម្រោងនាវាសរុបទាំង៨ ដែលត្រូវបានរំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០៣០៕

ប្រភព៖  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា