សន្ដិសុខសង្គម

ស្ត្រីម្នាក់បានប្រទះឃើញទារកដែលគេច្រកថង់បោះចោលក្នុងព្រៃ

សៀមរាប៖ស្ត្រីម្នាក់បានជិះម៉ូតូចេញពីធ្វើការពេលយប់ក៏ប្រទះឃើញទារកតាមរយៈសំឡេងយំ មិនដឹងចិត្តឪពុកម្តាយបែបណានោះទេបានច្រកថង់ខ្មៅយកទៅបោះចោលក្នុងព្រៃ។

ហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលស្ថិតក្នុងភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា។​

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងបានឱ្យអ្នកសារព័ត៌មានដឹងថា មានស្ត្រីឈ្មោះ សិន មករា អាយុ៣៥ឆ្នាំ នៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានមកប្រាប់សមត្ថកិច្ចថា នាងបានជិះម៉ូតូចេញពីធ្វើការនៅរីសត ផ្លូវកែវសារ៉ាន់មកផ្ទះវិញ ។

ពេលឆ្លងកាត់ម្តុំព្រៃដំរី ក្នុងភូមិស្ពានក្អែក នាងបានឮសំឡេងទារកស្រែកយំក្នុងព្រៃ ក៏បានឈប់ម៉ូតូ ដើរកមើលកណ្តាលយប់ ស្រាប់តែឃើញទារកដែលទើបនឹងកើតច្រកក្នុងថង់ខ្មៅ ចំហមាត់ក្រោម ដើមត្រាច។ខណៈនោះនាងមានការតក់ស្លុតផង ភ័យផង ក៏សម្រេចយកទារក កម្សត់នោះមកផ្ទះ ដើម្បីចិញ្ចឹមបីបាច់ថែរក្សាបន្តពីឪពុកម្ដាយរបស់គេដែលបង្កើតមកហើយបែរជាយកកូនទៅបោះចោល ក្នុងព្រៃទៅវិញ៕ដោយវិចិត្រ