អន្តរជាតិ

រុស្ស៊ី​បញ្ជូន​កាំជ្រួច​២០​គ្រាប់​​សម្រាប់​ប្រើប្រព័ន្ធ S-300/400 ទៅសមរភូមិជួរមុខអ៊ុយក្រែន

ប្រភពឃ្លាំមើលឯករាជ្យបាននិយាយថា រុស្ស៊ីបានបញ្ជូនកាំជ្រួច២០គ្រាប់បន្ថែមសម្រាប់ទុកប្រើបាញ់​ជាមួយប្រព័ន្ធ S-300 និង400 ចេញពីប្រទេសបេឡារុសទៅកាន់សមរភូមិជួរមុខ។

ប្រភព Belaruski Hajun ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងការត្រួតពិនិត្យយោធារបស់ប្រទេស​បេឡារុស​បានរាយការណ៍កាលពីថ្មីៗនេះថា ប្រទេសរុស្ស៊ីបានដឹកជញ្ជូនមីស៊ីលចំនួន ២០ ផ្សេងទៀតហើយចេញពីឃ្លាំងស្តុកបេឡារុសទៅកាន់សមរភូមិជួរមុខអ៊ុយក្រែន ខណៈដែលមីស៊ីលទាំងនេះគឺសម្រាប់ប្រើជាមួយប្រព័ន្ធការពារដែនអាកាស S-300 និង400។​ ក្នុងកំណត់ត្រាឃ្លាំមើលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រភពដដែលបានរាយការណ៍ថា យន្តហោះដឹកទំនិញរុស្ស៊ី Ilyushin-76​ ចុងក្រោយនៃយន្តហោះសរុប៨គ្រឿងមានលេខចុះបញ្ជី RF-76605 បានធ្វើការចុះចតនៅអាកាសយានដ្ឋានបេឡារុស Machulishchy នៅម៉ោងជិត៨យប់ម៉ោងទីក្រុងកៀង រួចហើយរំលង២ម៉ោងនិង ១០នាទី យន្តហោះនេះបានហោះទៅកាន់អាកាសយានដ្ឋាន Millerovo (តំបន់ Rostov ប្រទេសរុស្ស៊ីវិញ)។

ក្រោយការឃ្លាំមើលយ៉ាងដិតដល់ និងបញ្ជាក់ចុងក្រោយរកឃើញភ័ស្តុតាងសំណាញ់ឃ្លុំបេអាវុធចំនួន ៥ពីកុងតឺន័រ៤នៅថ្ងៃអាទិត្យកន្លងទៅនេះ ការសន្មតបានដាក់ចេញថា រុស្ស៊ីពិតជាបានកំពុងធ្វើការ​ដឹកជញ្ជូន​មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស S-300/400 ពិតមែនពីប្រទេសបេឡារុស​ទុកប្រើប្រាស់ក្នុងសមរភូមិជាមួយអ៊ុយក្រែននៅតំបន់លូហាន់ និងដូណេត។ មិនទាន់មានការ​ឆ្លើយតប​ពីខាងរដ្ឋាភិបាលបេឡារុសទេចំពោះព័ត៌មាននេះ ខណៈបេឡារុសជាគូកនស្អិតល្មួតបំផុតរបស់រុស្ស៊ី៕

ប្រភព៖  UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា