សន្ដិសុខសង្គម

រថយន្តចុះផ្លូវចំណោតជ្រុលបុកអ្នកជិះម៉ូតូ បណ្ដាលឱ្យរងរបួសធ្ងន់៣នាក់

ប៉ៃលិន៖បុរសម្នាក់បើករថយន្តម៉ាក Pajero ចុះផ្លូវចំណោតស្រាប់តែដាច់ហ្វ្រាំងជ្រុលយ៉ាងលឿន​ទៅបុកអ្នកជិះម៉ូតូបណ្ដាលឱ្យរងរបួសធ្ងន់៣នាក់។គ្រោះថ្នាក់ចរាចរនេះស្ថិតនៅផ្លូវចំណោតភ្នំដោះក្រមុំ ក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។

មន្ត្រីនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តបើកពីជើងទៅក្បូង​តាមផ្លូវចុះចំណោត ស្រាប់តែដាច់ហ្វ្រាំងរេចង្កូតទៅបុកអ្នកជិះម៉ូតូបណ្ដាលឱ្យដួលរងរបួសធ្ងន់៣នាក់​និងម៉ូតូម៉ាកវេវខូចខាតយ៉ាងដំណំ។

ជនរងគ្រោះខាងម៉ូតូឈ្មោះកល សុខា អាយុ២៧ឆ្នាំ របួសធ្ងន់បាក់ជើងម្ខាង នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។អ្នករួមដំណើរឈ្មោះឈឿប ហឿន អាយុ៣២ឆ្នាំ នៅភូមិឃុំជាមួយគ្នា។ខាងរថយន្តឈ្មោះ គង់ អាង អាយុ៧៣ឆ្នាំ រងរបួសនៅភូមិសួនអំពៅ ខេត្តប៉ៃលិន បើកបររថយន្តម៉ាក Pajero ផ្លាកលេខភ្នំពេញ 2A-7598 បានដាច់ហ្វ្រាំងបង្កឱ្យមានគ្រោះថ្នាក់នេះកើតឡើងតែម្តង៕ដោយ៖វិចិត្រ