សន្ដិសុខសង្គម

ភ្លើងឆេះបំផ្លាញផ្ទះលក់ទំនិញអស់ទាំងស្រុង ចំនួន៣ខ្នងនៅស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ អគ្គិភ័យបានឆេះបំផ្លាញផ្ទះលក់ទំនិញអស់ទាំងស្រុងចំនួន៣ខ្នង នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីរសៀលទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រីអាជ្ញាធរឃុំឆ្នុកទ្រូបានឱ្យដឹងថា ម្ចាស់ផ្ទះទី១-ឈ្មោះ ប៊ុន ណារិទ្ធ ហៅហុង អាយុ៥០ឆ្នាំ។ ម្ចាស់ផ្ទះទី២-ឈ្មោះ សាង និងម្ចាស់ផ្ទះទី៣មិនបានបញ្ជាក់ឱ្យដឹងឈ្មោះទេ។ផ្ទះទាំងនោះ គឺជាផ្ទះបណ្តែតលើផ្ទៃទឹកនាខែវស្សា។លុះដល់ខែប្រាំងត្រូវបានពលរដ្ឋតាំងនៅលើ គោកកន្លែងដដែល ដោយសង់ជាប់ៗគ្នាមានទំហំ១៣ម៉ែត្រគុណ២០ម៉ែត្រដូចគ្នា។

ប្រភពដដែលបានបន្តថា ពេលភ្លើងកំពុងឆាបឆេះ សមត្ថកិច្ចមិនអាចចេញរថយន្តទៅធ្វើអន្តរាគមន៍ បាញ់ទឹកពន្លត់បានទេ ដោយសារតែផ្ទះទាំងនោះបណ្តែតលើផ្ទៃទឹក។នៅពេលកើតហេតុ ប្រជាពលរដ្ឋនៅជិតខាងបាននាំគ្នាយកម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងទៅជួយបាញ់ពន្លត់ មិនឱ្យឆ្លងទៅផ្ទះផ្សេងៗទៀត។

រីឯមូលហេតុបង្កជាគ្រោះមហន្តរាយនេះគឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស ដែលម្ចាស់ផ្ទះខាងលើ ជាអ្នកលក់ហ្គាស-សាំងនិងគ្រឿងទេស។ចំណែកទំហំនៃការខូចខាតគេមិនទាន់ដឹងនៅឡើយ ព្រោះសមត្ថកិច្ចកំពុងសាកសួរ៕ដោយៈវិចិត្រ