សន្ដិសុខសង្គម

ត្រៀមបញ្ជូនស្មៀនសង្កាត់តាខ្មៅម្នាក់ ពាក់ព័ន្ធរំលោភទំនុកចិត្តទៅតុលាការ

កណ្ដាល៖មន្ត្រីក្រសួងសង្គមកិច្ច បានស្រាវជ្រាវករណីបន្លំយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភ​ជូនជនក្រីក្រក្នុងអំឡុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ដោយឃាត់ស្មៀនម្នាក់ប្រគល់ឱ្យនគរបាលខេត្ត​កណ្ដាល ហើយត្រៀមបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ សុផា អាយុ៤៦ឆ្នាំ នៅភូមិព្រែកសំរោង២ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាស្មៀនសាលាសង្កាត់តាខ្មៅ។ការឃាត់ខ្លួននៅសាលាសង្កាត់តាខ្មៅ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។

ប្រភពដដែលបានបន្តថា ក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអាជ្ញាធរ បានចុះស្រាវជ្រាវករណីបន្លំដកប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ​និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ដែលប្រព្រឹត្តនៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ។

បន្ទាប់មកក្រុមការងារបានរកឃើញប័ណ្ណចំនួន២០ ដែលមានទឹកប្រាក់សរុបចំនួន ៧០.៩៨៨.០០០​រៀល។តាមចម្លើយសារភាពរបស់ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានឆ្លើយថា ខ្លួនពិតជាបានផ្ទៀងផ្ទាត់-រក្សាទុកនិងបានទៅដកប្រាក់ពីកម្មវិធីមករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌ជូនម្ចាស់ដើមពិតប្រាកដមែន។

ជុំវិញករណីខាងលើ សារព័ត៌មានCambodia Flash News មិនទាន់បានការបំភ្លឺពីសាមីជាប់ចោទ​នៅឡើយទេ និងរង់ចាំទទួលសេចក្តីពិស្តារផ្សាយបន្តពេលក្រោយ៕ដោយ៖វិចិត្រ