សន្ដិសុខសង្គម

ជនបរទេសទំនងស្រវឹងបើករថយន្តបុកក្បាលថ្មចែកផ្លូវខ្ទេចកំណាត់មុខ

ភ្នំពេញ៖ជនបរទេសម្នាក់ទំនងស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនទៅបុកក្បាលថ្មចែកផ្លូវ ពេញទំហឹង បណ្តាលឱ្យបាក់បែក និងរថយន្តខូចខ្ទេចកំណាត់មុខ។គ្រោះថ្នាក់ចរាចរនេះ​បានកើតឡើងនៅត្រង់ស្តុប៣១០ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ​កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា។

កម្លាំងប្រចាំគោលដៅបានឱ្យដឹងថា មុនកើតហេតុ មានជនបរទេសម្នាក់បើករថយន្តម៉ាកឡិចស៊ីស RX400h ផ្លាកលេខ ភ្នំពេញ 2BO-5380 តាមផ្លូវព្រះមុនីវង្សពីជើងទៅត្បូង។មកដល់កន្លែងខាងលើ​ក៏បានបុកក្បាលថ្មចែកផ្លូវបណ្ដាលឱ្យថ្មបាក់បែកនិងរថយន្តខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ តៃកុងជាជនបរទេសបានចុះពីលើរថយន្ដក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ត្រូវសមត្ថកិច្ចនាំទៅប៉ុស្តិ៍រដ្ឋបាលដើម្បីវាស់ជាតិអាល់កុល។ចំណែករថយន្តយកទៅរក្សាទុក​នៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ