អន្តរជាតិ

ចារកម្មអង់គ្លេស៖ នៅរដូវរងាខាងមុខ សមរភូមិអ៊ុយក្រែននឹងមានការផ្លាស់ប្តូរច្រើន

ភ្នាក់ងារចារកម្មអង់គ្លេសបានណែនាំថា នៅរដូវរងាខាងមុខនេះ សមរភូមិអ៊ុយក្រែននឹងមានការផ្លាស់ប្តូរ​ច្រើន ខណៈដែលទាហានរុស្ស៊ីនឹងពិបាកនៅក្នុងការវាយលុក។

របាយការណ៍ចេញដោយក្រសួងការពារជាតិចក្រភពអង់គ្លេស ហៅកាត់ថា (MoD) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បាននិយាយថា “រដូវរងានឹងនាំមកនូវការផ្លាស់ប្តូរលក្ខខណ្ឌជម្លោះ​សម្រាប់​កងកម្លាំងរុស្ស៊ីនិងអ៊ុយក្រែន។ ការផ្លាស់ប្តូរនោះគឺថា រយៈវេលាថ្ងៃ សីតុណ្ហភាពនិងអាកាសធាតុ វានឹងជះឥទ្ធិពល នាំមកនូវបញ្ហាប្រឈមខ្លាំងគួរឲ្យកត់សម្គាល់សម្រាប់ទាហានប្រយុទ្ធ។ “ពន្លឺថ្ងៃនឹងថយចុះតិចជាង ៩ ម៉ោងក្នុងមួយថ្ងៃបើប្រៀបធៀបនឹង ១៥, ១៦ម៉ោងក្នុងកម្ពស់រដូវក្តៅ។ វានឹងធ្វើឲ្យការវាយលុកដោយទាហានរុស្ស៊ីថយចុះតិចជាងមុន ខណៈអ៊ុយក្រែនអាចបន្ថែម​ខ្សែការពារកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះ “សមត្ថភាពមើលឃើញពេលយប់ ក៏ជាបញ្ហាប្រឈមមួយផងដែរ ដែលធ្វើឲ្យទាហានរុស្ស៊ីមានអារម្មណ៍ខ្ជិលចង់ប្រយុទ្ធរយៈពេលយូរ”។

សីតុណ្ហភាពខ្ពស់ជាមធ្យមនឹងធ្លាក់ចុះពីសូន្យអង្សាសេក្នុងអំឡុងខែធ្នូដល់ខែកុម្ភៈ។ កងកម្លាំងដែលខ្វះសម្លៀកបំពាក់ និងកន្លែងស្នាក់នៅក្នុងរដូវរងា ទំនងជាទទួលរងនូវបញ្ហាសុខភាព។

ជាចុងក្រោយ របាយការណ៍បាននិយាយថា រុស្ស៊ីនឹងឈានទៅរកផ្លូវបោះបង់ដ៏វែងឆ្ងាយ ទ័ពរុស្ស៊ីបានត្រឹមតែបញ្ជូនមករកសេចក្តីស្លាប់ ឬជាចំណីកាណុងកាំភ្លើងតែប៉ុណ្ណោះ៕

ប្រភព៖  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា