អន្តរជាតិ

ក្រោយជួបស៊ីជីនពីងនៅឥណ្ឌូណេស៊ី បៃដិនថាមិនចាំបាច់មានសង្រ្គាមត្រជាក់ថ្មីនោះទេ

ក្រោយបានជួបគ្នាដោយផ្ទាល់នៅកោះបាលីប្រទេសឥណ្ឌូណេស៊ីមុនកិច្ចប្រជុំ G20 មេដឹកនាំចិន និងអាម៉េរិកបានសម្ដែងគោលជំហរវិជ្ជមានចំពោះគ្នា អះអាងថានឹងមិនឲ្យសង្រ្គាមត្រជាក់​កើតឡើងនោះទេ។

យោងតាមសម្រង់សម្ដីពីការិយាល័យរដ្ឋាភិបាលទាំងសងខាង ចិននិងអាម៉េរិកនៅថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា ទាំងលោកប្រធានាធិបតីចិនស៊ីជីនពីង និងប្រធានាធិបតីអាម៉េរិកចូបៃដិន បានសម្ដែងក្តីរីករាយរាក់ទាក់ដាក់គ្នាគួរឲ្យកត់សម្គាល់ក្រោយបានធ្វើដំណើរទៅកាន់កិច្ចប្រជុំប្រទេសសេដ្ឋកិច្ចទាំង២០នៅកោះបាលីប្រទេសឥណ្ឌូណេស៊ីតាមការគ្រោងទុក បើទោះបីជាភាគីទាំងពីរកំពុងមាន​ភាព​តានតឹងក្តៅក្រហាយរឿងកោះតៃវ៉ាន់ និងពាណិជ្ជកម្មក៏ដោយ។ មេដឹកនាំទាំងពីរបានចូលរួម​កិច្ចប្រជុំ​ដាច់ដោយឡែកមួយកាលពីថ្ងៃចន្ទដែលមានរយៈពេលបីម៉ោង ពាក់ព័ន្ធនឹងការពិភាក្សា​ដោយស្មោះត្រង់លើបញ្ហាជាច្រើន រួមទាំងតៃវ៉ាន់ ពាណិជ្ជកម្ម និងការឈ្លានពានរបស់រុស្ស៊ីលើ​អ៊ុយក្រែន។ បន្ទាប់ពីកិច្ចពិភាក្សា លោក Biden បានប្រាប់អ្នកយកព័ត៌មានថា លោកជឿជាក់ថា “មិនចាំបាច់មានសង្រ្គាមត្រជាក់ថ្មីទេ” សហរដ្ឋអាម៉េរិកនិងចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន ដូចជាការប្រែប្រួលអាកាសធាតុ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចពិភពលោក រួមទាំងការបន្ធូរបន្ថយបំណុល សន្តិសុខសុខភាព និងសន្តិសុខស្បៀងពិភពលោក ព្រោះនោះជាអ្វីដែលសហគមន៍អន្តរជាតិរំពឹងទុក។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ក៏បានដកស្រង់សម្តីលោក Xi ផងដែរដោយនិយាយថា “ភាគីទាំងពីរគួរតែធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីនាំមកនូវក្តីសង្ឃឹមបន្ថែមទៀតដល់សន្តិភាព​ពិភពលោក ទំនុកចិត្តកាន់តែខ្លាំងនៅក្នុងស្ថិរភាពពិភពលោក និងកម្លាំងរុញច្រានដ៏រឹងមាំដល់​ការអភិវឌ្ឍរួម”។ យ៉ាងណាមិញ បញ្ហាតៃវ៉ាន់នៅតែមិនត្រូវបានបញ្ជាក់ឲ្យបានក្បោះក្បាយ​ជាសាធារណៈចំៗនោះទេ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា