សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន ស្តីពី​ការនាំ​ចេញទៅ​ទីផ្សារ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម

ភ្នំពេញ​៖ លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន​ស្តីពី​ការ ពង្រីក​ទីផ្សារ​នាំចេញ​ទៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម តាមរយៈ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​ អារ៉ាប់​រួម (Cambodia-United Arab Emirates Comprehensive Economic Partnership Agreement – “CAM-UAE CEPA”)​។​

​កិច្ច​ពិគ្រោះ​យោបល់​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២២​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​និង​តាម​ទម្រង់​និម្មិត្ត​ដោយមាន​ការចូលរួម​ពី​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ និង​វិស័យ​ឯកជន រួមមាន សម្ព័ន្ធ សមាគម និង​សហគ្រាស​ផលិត សរុប​ប្រមាណ ៦០ រូប​។​

​លោកជំទាវ​ប្រធាន​អង្គប្រជុំ បាន​ជម្រាបជូន​វិស័យ​ឯកជន អំពី​គោលបំណង និង​សារៈប្រយោជន៍​នៃ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​CAM-UAE CEPA ដែល​នឹងចូលរួមលើកកម្ពស់​បរិយាកាស​សេរីភាវូបនីយកម្ម​ផ្នែក​ពាណិជ្ជកម្មនិង​វិនិយោគតាមរយៈ​ការបើក​ច្រក​ទីផ្សារ​ឱ្យ​កាន់ តែ​ទូលាយ​និង​បង្កើន​ឱកាស​វិនិយោគ​ទ្វេភាគី​សម្រាប់ផលប្រយោជន៍​ទៅវិញទៅមកព្រមទាំង​ធ្វើឱ្យ​ស៊ីជម្រៅ​ទៅលើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច​ផ្សេងៗ​ទៀត​។

ជា​វឌ្ឍនភាព ការចរចា​ជុំ​ទី​១​ត្រូវបាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៤-២៦ខែតុលាឆ្នាំ​២០២២ នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី អេ​មី​រ៉ា​ត​អារ៉ាប់​រួម ​ប្រកប ដោយ​លទ្ធផល​គួរឱ្យ​កត់សម្គាល់​។​កិច្ច​ពិគ្រោះ​យោបល់​នេះ ក៏មាន​ការពិនិត្យនិង​ពិភាក្សា​អំពី​យ​ថា​ប្រភេទ​នៃ​ទំនិញ​ដែលមាន​សក្តានុពល​ សម្រាប់​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សា​រ​អេ​មី​រ៉ា​ត​អារ៉ាប់ រួម ក្រោម​កិច្ចព្រមព្រៀង CAM-UAE CEPA នាពេល​អនាគត​។ ទន្ទឹម​នោះ ក៏បាន​ពិភាក្សា​លើ​តម្រូវការ​ទីផ្សារ​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួមជាមួយ​នឹង​ការបំពេញ​លក្ខខណ្ឌ តម្រូវ​មួយចំនួន សម្រាប់​ផលិតផល​នាំចេញដែល​ក្នុង នោះ​រួមមាន វិធាន​ដើមកំណើត​ទំនិញ វិធាន​អនាម័យ​និង​ភូតគាម​អនាម័យ​របាំង​បច្ចេកទេស​ពាណិជ្ជកម្ម​និង ការបញ្ជាក់​វិ​ញ្ញាប​ន​ប័ត្រ​ហា​ឡា​ល ជាដើម​។​-​ល​-​។​

​គួរបញ្ជាក់​ផងដែរ​ថា​៖ ពាណិជ្ជកម្ម​ទំនិញ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម សម្រេចបាន​ក្នុង​ទំហំ ១៥១ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២១ ជាមួយនឹង​កំណើន ៥៣% បើ​ធៀប​នឹង​ឆ្នាំ​២០២០​។ មុខទំនិញ​សំខាន់ៗ សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​រួមមាន​៖ សម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផល​ធ្វើដំណើរ ថ្នាំជក់ អង្ករ បរិ​ធាន​អគ្គិសនី និង​បង្គុំ​យានយន្ត ជ័រកៅស៊ូ​ក្រាលផ្លូវ​ថ្នល់ ស្ករ​ចម្រាញ់​ចេញពី​មើម​រុក្ខជាតិ ចំណី​សត្វ ប្រេង ប្លា​ស្ទីក យានយន្ត ក្រដាស​។​-​ល​-៕​ដោយៈសិរីមតី