កីឡា

ការ​រាប់​ថយ​ក្រោយ​ World Cup ចូល​ដល់​សប្ដាហ៍​ចុង​ក្រោយ ខណៈ​ក្រុម​ទៅ​ដល់​បណ្ដើរ​ៗ

ការរាប់ថយក្រោយរយៈពេល ១សប្តាហ៍ទៅកាន់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ខណៈដែលកីឡាករបាល់ទាត់​ល្បី​ៗ​របស់ពិភពលោក បានផ្តោតការយកចិត្តទុកដាក់របស់ពួកគេទៅលើការប្រកួតដ៏ចម្រូងចម្រាសបំផុតមួយ ក្នុងប្រវត្តិសាស្ត្រនៃ​កីឡានេះ។

បន្ទាប់ពីការប្រកួតកាលពីចុងសប្តាហ៍មុន លីគ​អាជីព​ក្នុងស្រុក បានផ្អាករយៈពេល ៦សប្តាហ៍ សម្រាប់​កម្មវិធី​ដ៏​ធំ​បំផុត​របស់ពិភពលោកនេះ ប៉ុន្តែពេលវេលាគឺខ្លីណាស់សម្រាប់​ការ​រៀប​ចំ​ត្រៀម​ខ្លួន​របស់​ក្រុម​នីមួយ​ៗ។

ការប្រកួតបាល់ទាត់ពិភពលោកលើកដំបូង ដែលនឹងធ្វើឡើងនៅក្នុងដែន​ដី​របស់​អារ៉ាប់ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ នៅពេលដែលប្រទេសម្ចាស់ផ្ទះជួបជាមួយក្រុមអេក្វាឌ័រ។

ការប្រារព្ធព្រឹត្តិការណ៍ World Cup នៅក្នុងរដ្ឋវាលខ្សាច់នេះ តម្រូវឱ្យមានការ​កែប្រែប្រតិទិនបាល់ទាត់អន្តរជាតិដែល​មិន​ធ្លាប់​មាន​ ដោយផ្លាស់ប្តូរការប្រកួតពី​ពេល​វេលា​ធម្មតា ក្នុងរដូវក្តៅនៃអឌ្ឍគោលខាងជើង ដើម្បីជៀសវាងអាកាសធាតុ​ក្ដៅខ្លាំង​របស់រដ្ឋ​ឈូងសមុទ្រ។

ជាមួយ​គ្នា​​នេះ ក្រុម​ជម្រើស​ជាតិ ដែល​ដណ្ដើម​បាន​សិទ្ធិ​មក​ដល់​ជុំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ជា​បណ្ដើរ​ៗ​ហើយ ខណៈ​ក្រុម​ធំ​ៗ ២ របស់អឺរ៉ុប អង់គ្លេស និងហូឡង់ ស្ថិតក្នុងចំណោមក្រុមដែលនឹងត្រូវមកដល់នៅថ្ងៃអង្គារនេះ។

កីឡដ្ឋានថ្មីមានតម្លៃជាង ៦,៥ពាន់លានដុល្លារ ហើយប្រព័ន្ធរថភ្លើងក្រោមដីគ្មានអ្នកបើកបរ ដែលមាន​តម្លៃ ៣៦ពាន់លានដុល្លារ នឹង​បម្រើដល់កីឡដ្ឋាន​ចំនួន ៥ ក្នុងចំណោមកីឡដ្ឋានទាំង ៨។ មាន​ការប៉ាន់ប្រមាណមួយចំនួន​ថា ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធសរុបក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ មានចំនួន ២០០ពាន់លានដុល្លារ។

គណៈកម្មការ​រៀបចំកម្មវិធី បានព្យាករថា អ្នកគាំទ្រច្រើនជាង ១លាននាក់ នឹងធ្វើដំណើរមក​កាន់ប្រទេសកាតា ហើយពួកគេបានឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការខ្វះខាតកន្លែងស្នាក់នៅ ដោយប្រើប្រាស់កប៉ាល់ទេសចរណ៍ចំនួន៣ ជាសណ្ឋាគារបណ្តែតទឹក។

ក្រុម​អ្នករៀបចំបានឱ្យ​ដឹងថា សំបុត្រចំនួន ២,៩លាននៃសំបុត្រចំនួន ៣,១លានសន្លឹក ត្រូវបានលក់ ហើយអ្នកគាំទ្របានរង់ចាំនៅខាងក្រៅមជ្ឈមណ្ឌលលក់សំបុត្ររបស់ FIFA (សហព័ន្ធ​បាល់ទាត់អន្តរជាតិ) ដោយសង្ឃឹមថា សំបុត្រដែលខ្វះខាត នឹងមានគ្រប់​គ្រាន់ សម្រាប់ការប្រកួតប្រជែង​ដ៏​ធំ ដែល​តែង​កើត​ឡើង​រៀង​រាល់ ៤ឆ្នាំ​ម្ដង​នេះ​៕