អន្តរជាតិ

កាណាដានឹងផ្តល់ជំនួយ ៥០០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន

ប្រទេសកាណាដាប្រកាសផ្តល់ជំនួយ ៥០០លានដុល្លារដល់អ៊ុយក្រែន និងបានដាក់ទណ្ឌកម្ម​ជនជាតិរុស្ស៊ីជាង២០នាក់បន្ថែមទៀត។

ការិយាល័យនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានជម្រាបជាថ្មីថា ប្រទេស  កាណាដានឹងផ្តល់ជំនួយផ្នែកយោធាចំនួន ៥០០ លានដុល្លារដល់អ៊ុយក្រែនបន្ថែមទៀត ខណៈមូលនិធិបន្ថែមនេះនឹងរួមបញ្ចូលទាំងផ្នែករឹងយោធា ឧបករណ៍ឃ្លាំមើល ឧបករណ៍ទំនាក់ទំនង ឥន្ធនៈ និងថ្នាំសង្កូវដល់រដ្ឋាភិបាលទីក្រុងកៀវទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ បើសរុបទាំងជំនួយលើកនេះ វានឹងកើនឡើងដល់ ៣,៤ពាន់លានដុល្លារហើយដែលកាណាដា​បានផ្តល់ជូនអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ក៏បានបន្ថែមទៀតថា កាណាដាក៏បានដាក់ទណ្ឌកម្មថ្មីនៅថ្ងៃចន្ទ លើជនជាតិរុស្ស៊ី ២៣ នាក់ “ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធទៅលើមេដឹកនាំគណបក្សរុស្ស៊ី រួមទាំងមន្រ្តីប៉ូលិស ព្រះរាជអាជ្ញា ចៅក្រម និង មន្ត្រីពន្ធនាគាររុស្ស៊ី”។

យោងតាមរដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ុយក្រែន ជំនួយបរទេសគឺសំខាន់ណាស់សម្រាប់អ៊ុយ​​​  ក្រែននាពេលនេះ បើមិនមានជំនួយពីបរទេសទេ អ៊ុយក្រែននឹងប្រឈមខ្លាំង រហូតមិនអាចយកឈ្នះសង្រ្គាមជាមួយរុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អ៊ុយក្រែន លោក Serhiy Marchenko បានប្រាប់សន្និសីទសារព័ត៌មានមួយថា អ៊ុយក្រែនរំពឹងថានឹងទទួលបានជំនួយហិរញ្ញប្បទានប្រហែល ៤,៨ ពាន់លានដុល្លារពីបរទេសនៅក្នុងខែវិច្ឆិកានេះ និង ៣ ពាន់លានដុល្លារផ្សេងទៀតនៅក្នុងខែធ្នូ​ក្រោយ តាមរយៈម្ចាស់ជំនួយជាច្រើន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា