សេដ្ឋកិច្ច

កម្ពុ​ជាមាន​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ចំនួន​៤,២៤៦​មេ​ហ្កា​វ៉ា​ត់​

​ភ្នំពេញ​៖​នាពេល​បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ចំនួន​៤,២៤៦​មេ​ហ្កា​វ៉ា​ត់ខ​ណៈ​ការប្រើប្រាស់​ប្រចាំថ្ងៃ​អស់​តែ​ជាង​២,១០០​មេ​ហ្កា​វ៉ា​ត់ តែប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​កម្ពុជា​នៅសល់​អគ្គិសនី​ជាង​ពាក់កណ្ដាល​ទៀត​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួង​រ៉ែ និង​ថាមពល​។​

​ក្នុង​កិច្ចសន្ទនា ស្ដីពី​ការប្រើប្រាស់​ថាមពល​អគ្គិសនី សម្រាប់​វិស័យ​កសិកម្ម នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​រដ្ឋមន្ដ្រី ស៊ុយ សែម ក៏បាន​លើកឡើង​ពី​ការអភិវឌ្ឍន៍​វិស័យ​អគ្គិសនី​នៅ​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ ដោយ​ឆ្នាំ​២០១៨ កម្ពុ​ជាមាន​អគ្គិសនី​ចំនួន ២,៦៥០​មេ​ហ្កា​វ៉ា​ត់ ប៉ុន្ដែ​មកដល់​បច្ចុប្បន្ននេះ​នៅ​ឆ្នាំ​២០២២ កម្ពុ​ជាមាន​អគ្គិសនី​ចំនួន ៤,២៤៦​មេ​ហ្កា​វ៉ា​ត់ បើ​គិត​ជា​ភាគរយ​មានការ​កើនឡើង​៦០%​។​

​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៥​ឆ្នាំ ការអភិវឌ្ឍន៍​បណ្ដាញ​បញ្ជូន​បានធ្វើ​ឲ្យ​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ដែល​នៅក្នុង​ឆ្នាំ​២០១៨ កម្ពុ​ជាមាន ២,១៤១​គីឡូម៉ែត្រ កើន​មកដល់​ឆ្នាំ​២០២២​មាន ៣,៤៨៥​គីឡូម៉ែត្រ​។ ដោយឡែក​អនុ​ស្ថានីយ​វិញ នៅក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ៣៣​កន្លែង មកដល់​ឆ្នាំ​២០២២​មាន​ចំនួន ៦៣​កន្លែង​។ ក្នុង​ឆ្នាំ​២០១៨ ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី​របស់​កម្ពុជា​គ្រប់​ដណ្ដប់​បានតែ ២០​ខេត្ត​តែប៉ុណ្ណោះ ប៉ុន្ដែ​នៅក្នុង​ឆ្នាំ​២០២២​នេះ ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី គឺ​បាន​គ្រប់​ដណ្ដប់​ទូទាំងប្រទេស​។​

​សម្រាប់​ខ្សែបណ្ដាញ​ចែកចាយ​អគ្គិសនី​តង់ស្យុង​មធ្យម នៅក្នុង​ឆ្នាំ ២០១៨ មាន​ចំនួន ៣១,០៥៦​គីឡូម៉ែត្រ និង​ឆ្នាំ​២០២២​មាន​ចំនួន ៤២,៧៥០​គីឡូម៉ែត្រ និង​ខ្សែបណ្ដាញ​ចែកចាយ​អគ្គិសនី​តង់ស្យុង​ទាប នៅក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ៣២,១១៨​គីឡូម៉ែត្រ និង​ឆ្នាំ​២០២២ មាន​ចំនួន ៤៤,៣២០​គីឡូម៉ែត្រ​។​

​បើតាម​រដ្ឋមន្ដ្រីក្រសួង​រ៉ែ និង​ថាមពល សម្រាប់​ខ្សែបណ្ដាញ​គ្រប់​ដណ្ដប់​នៅតាម​ភូមិ សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ពី​បណ្ដាញ​ជាតិ មានការ​កើនឡើង​ពី ១២,៣០៥​ភូមិ​ស្មើនឹង​៨៦% នៃ​ចំនួន​ភូមិ​ទូទាំងប្រទេស នៅក្នុង​ឆ្នាំ​២០១៨ មកដល់​ពេលបច្ចុប្បន្ន​មាន ១៣,៩២៣​ភូមិ ស្មើនឹង​៩៨.២៧% នៃ​ចំនួន​ភូមិ​ទូទាំងប្រទេស​ដែល​នៅសល់តែ ២៤៥​ភូមិ​ប៉ុណ្ណោះ ស្មើនឹង​១.៧៣​ភាគរយ​៕​ដោយៈសិរីមតី