កីឡា

Ronaldo អះអាង​ថា មាន​អារម្មណ៍​ត្រូវ​បានគេ «ក្បត់»

ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាននិយាយថា រូប​គេ​មានអារម្មណ៍ត្រូវ​បាន «ក្បត់» ដោយក្លិប Manchester United ខណៈដែលរូប​គេ​បាន​អះអាង​ថា អ្នកចាត់ការ​ក្រុម លោក Erik ten Hag និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ផ្សេងទៀត កំពុង​ព្យាយាម​បង្ខំរូប​គេ​ឱ្យ​ចេញពីក្លិ​ប នៅ​ក្នុង​​បទ​សម្ភាស​ពេញ​ដោយ​កំហឹងមួយកាលពី​ថ្ងៃ​អាទិត្យ។

កីឡាករ​ជយលាភីពាន​រង្វាន់ Ballon d’Or ៥សម័យកាល​រូបនេះ បាន​ក្លាយ​ជាតួអង្គមិន​សូវ​សំខាន់នៅលើទីលានសម្រាប់ក្រុម​បិសាចក្រហម Man United ចាប់តាំងពីលោក Ten Hag ចូលមក​កាន់តំណែង កាលពីខែឧសភា។ កីឡាករ Ronaldo ត្រូវបានពិន័យបន្ទាប់ពីបដិសេធ ក្នុង​ការ​ដូរ​ចូល​លេងអំឡុង​ជ័យជម្នះ ២-០ លើក្រុម Tottenham កាលពីខែមុន ប៉ុន្តែបានត្រឡប់មកក្រុមវិញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយថែមទាំងបានធ្វើជាប្រធានក្រុមបិសាច ក្រហមពេល​រង​បរាជ័យ ៣-១ នៅឯផ្ទះ​របស់​ក្រុម Aston Villa កាលពីចុងសប្តាហ៍មុនទៀតផង។

តែ​យ៉ាងណាក្ដី កីឡាករវ័យ ៣៧ឆ្នាំរូបនេះ មិន​មាន​អវត្តមាននោះ​ទេ នៅ​ពេល​ដែល​ក្រុម​បិសាចក្រហមបាន​ឈ្នះក្រុមម្ចាស់​ផ្ទះ Fulham ២-១ កាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងការប្រកួតចុងក្រោយ មុនពេលឈប់សម្រាក ៦សប្តាហ៍ សម្រាប់ព្រឹត្តិការណ៍ World Cup។

«ខ្ញុំមិនមានការគោរពចំពោះគាត់ ពីព្រោះគាត់ក៏​មិនបាន​បង្ហាញការគោរពចំពោះខ្ញុំដែរ។ មិន​ត្រឹម​តែ​គ្រូ​បង្វឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​បុគ្គល ២-៣​​នាក់​ផ្សេង​ទៀត នៅ​ជុំវិញ​ក្លិប។ ខ្ញុំ​មាន​អារម្មណ៍​ថា ​ត្រូវ​បាន​គេ​ក្បត់»។ នេះ​ជា​សម្ដី​របស់​កីឡាករ Ronaldo ដែល​បាននិយាយពីលោក Ten Hag ក្នុងបទសម្ភាសជាមួយកម្មវិធីទូរទស្សន៍ Piers Morgan Uncensored។

នៅពេលត្រូវបានសួរម្តងទៀតថា តើនាយកប្រតិបត្តិក្លិបជាន់ខ្ពស់ ព្យាយាមបង្ខំ​ឱ្យ​រូប​គេ​ចាកចេញមែន​ទេ? កីឡាករ Ronaldo បានឆ្លើយ​តប​ថា៖ «មែន! ខ្ញុំមានអារម្មណ៍ថា ត្រូវគេក្បត់ ហើយខ្ញុំមានអារម្មណ៍ថា មនុស្សមួយចំនួនហាក់​ដូច​ជា​មិនចង់ឱ្យខ្ញុំនៅទីនេះ មិនត្រឹមតែឆ្នាំនេះទេ ប៉ុន្តែឆ្នាំមុនផងដែរ»។

កីឡាករ Ronaldo បានត្រឡប់មកកាន់​ទឹក​ដី Old Trafford វិញ ក្នុងខែសីហា ឆ្នាំ២០២១ ដោយចាក​ចេញ​ពីក្លិប Juventus។ ពេល​វេលាដំបូង​របស់គេនៅជាមួយ​ក្លិប Man United គឺជារឿងដ៏រុងរឿងមួយក្រោមការដឹកនាំរបស់លោក Alex Ferguson ដោយបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ៣ដង និង Champions League ម្ដង ហើយ​ព្រម​ទាំង​បាន​គ្រង​ពានរង្វាន់ Ballon d’Or ជាលើកទី១ ក្នុងនាមជាកីឡាករល្អបំផុត នៅលើពិភពលោក៕