កីឡា

Maddison និយាយ​ពី​របួស ក្រោយ​មាន​ការ​​បារម្ភពី​ការ​ខកខាន នៅ World Cup

កីឡាករ James Maddison បានប្រាប់​ឱ្យ​ដឹង​ពី​ការវិវឌ្ឍថ្មី​ចុង​ក្រោយ ពាក់​ព័ន្ធ​នឹង​បញ្ហា​របួស​របស់​ខ្លួន ដែល​បាន​កើត​ឡើង អំឡុងការប្រកួតរបស់ក្រុម Leicester ទល់​នឹង​ក្រុម​ម្ចស់​ផ្ទះ West Ham កាល​ពី​ថ្ងៃ​សៅរ៍។

កីឡាករ Maddison បានចូល​លេង ក្នុងហ្គេម​នេះ ជាមួយ​នឹង​អារម្មណ៍​ល្អ និង​រំភើប​ បន្ទាប់ពីមានការបញ្ចូល​ឈ្មោះ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើលទៅ​ក្នុងក្រុមជម្រើស​ជាតិ​អង់គ្លេសរបស់លោក Gareth Southgate សម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កាតា ហើយ​បន្ទាប់មកអ្វីៗ ក៏​រឹត​តែ​ប្រសើរឡើង ដោយ​រូប​គេ​បាន​ជួយ​ឱ្យ​ក្រុម Leicester នាំមុខក្រុម West Ham នៅ​នាទីទី៨។

យ៉ាងណា​ក្ដី ត្រឹមតែជាង ១៥នាទីក្រោយមក រូប​គេ​ត្រូវបានដូរ​ចេញ​ដោយ​បង្ខំ បន្ទាប់ពីបានអង្គុយ​ចុះ ហើយ​ឱប​ក្បាល​ជង្គង់ ដោយ​បង្ហាញ​ពី​អាការឈឺចាប់ ដែល​នេះ ធ្វើ​ឱ្យ​ឱកាស ក្នុង​ការ​បាន​ទៅ​ចូល​រួម​ នៅ World Cup របស់គេ ស្ថិតក្នុងការភាព​ស្រពេចស្រពិល។ ប៉ុន្តែពេល​នេះ​រូប​គេ​បាន​បញ្ជាក់​ហើយ​ថា វា​ហាក់​ដូច​ជា​មិន​មាន​របួស​​ធ្ងន់ធ្ងរ​នោះ​ទេ​។

«ខ្ញុំគួរតែមិនអីទេ ខ្ញុំគិតបែបហ្នឹង»។​ នេះ​ជា​ការ​សម្ដីខ្លី​ៗ​​របស់​កីឡាករ Maddison ដែលបាននិយាយទាក់ទងនឹងឱកាសរបស់ខ្លួន ក្នុងការមានភាព​រឹង​មាំ​ល្អ ដើម្បី​អាច​ធ្វើដំណើរទៅកាន់ប្រទេសកាតាបាន​។

សម្រាប់​ការ​ប្រកួត​វិញ ក្រុម Leciester រក​បាន ១គ្រាប់ទៀត នៅវគ្គទី២ ដើម្បីទទួលបាន​ជ័យជម្នះ ២-០ ដែលជា​លទ្ធផល​ជួយ​ឱ្យ​ពួកគេ​ឡើងទៅលេខ ១២ ក្នុងតារាងពិន្ទុ​នៃ​ក្របខ័ណ្ឌ Premier League៕