កីឡា

CEO របស់ Dortmund ថាក្លិប​នឹង​​ពិភាក្សាជុំវិញ​អនាគត​របស់ Bellingham ឆាប់ៗ

នាយកប្រតិបត្តិ (CEO) របស់​ក្លិប  Borussia Dortmund លោក Hans-Joachim Watzke បានបញ្ជាក់ថា ក្លិបគ្រោងនឹងអង្គុយចុះ ដើម្បី​ពិភាក្សាពីអនាគតរបស់កីឡាករ Jude Bellingham ជាមួយនឹង​សាមីខ្លួនផ្ទាល់ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក (World Cup)។

ខ្សែបម្រើ Bellingham វ័យ ១៩ឆ្នាំ បានក្លាយជាកីឡាករមានទេពកោសល្យដ៏គួរឱ្យភ្ញាក់ផ្អើល​បំផុតម្នាក់ ក្នុងពិភពលោក ចាប់តាំងពីបានមក​ចូលរួមជាមួយក្លិបអាល្លឺម៉ង់ ដោយ​ការ​ចាក​ចេញ​ពី​ក្លិប Birmingham ក្នុងឆ្នាំ​២០២០ ហើយបានទាក់ទាញការ​អារម្មណ៍ពីស្ទើរតែ​គ្រប់ក្លិប​កំពូល​ៗ នៅអឺរ៉ុប ដូចជា Real Madrid, Manchester City, Liverpool, Chelsea, Manchester United, Bayern Munich, Juventus និង Paris Saint Germain ដែល​សុទ្ធតែបានបង្ហាញ​ឱ្យ​ឃើញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ជាមួយ​គ្នានេះ ក្លិប Dortmund មានទំនុកចិត្តថា កីឡាករ Bellingham នឹងមិនជំរុញឱ្យមានការចាកចេញនោះទេ ហើយថែមទាំងទំនង​ជា​ជ្រើសរើសស្នាក់នៅជាមួយ​ក្លិបបន្ត​យ៉ាងហោចណាស់ ១រដូវកាលទៀត។ តែ​យ៉ាងណាក្ដី លោក Watzke បានទទួលស្គាល់ថា ក្លិបរបស់​លោក ប្រហែលជាគ្មានកម្លាំង​គ្រាប់​គ្រាន់ ក្នុងការប្រកួតប្រជែងជាមួយនឹងថាម​ពលផ្នែកហិរញ្ញវត្ថុរបស់អ្នក ដែលស្នើ​មក​មួយចំនួននោះឡើយ។

លោក Wazke បានប្រាប់កាសែត BILD ថា៖ «ខ្ញុំគិតថា ឆាប់​ៗ ​ពេល​ព្រឹត្តិការណ៍ នៅកាតា បានបញ្ចប់ យើងនឹងមានការសន្ទនាមូលដ្ឋានអំពីអ្វី ដែលរូប​គេ (Bellingham) ចង់បានពិត​ប្រាកដ។ ជាមួយគេ ជាមួយឪពុកម្តាយរបស់គេ ជាមួយ​អ្នក ដែល​ពួកយើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយពិតណាស់ជាមួយទីប្រឹក្សារបស់គេ»។

«ហើយបន្ទាប់មក រូប​គេ​គួរតែប្រាប់យើងថា តើរូប​គេ​ចង់ស្នាក់នៅបន្ត ឬក៏ចាក​ចេញ។ តែមិន​ថា ដោយ​វិធី​ណា​ យើងនឹងពិភាក្សាគ្នាយ៉ាងរីករាយ និងមាន​ហេតុផល។ យើងមិនចាំបាច់ធ្វើពុតថា ប្រធានបទ​មិន​ត្រូវ​បាន​ពិភាក្សានោះឡើយ។ តែ​ទោះ​ជា​យ៉ាង​ណាក្ដី នៅពេលដែលមាន​ក្រុមធំៗស្នើ​មក​ យើងក៏មិនអាចមានលទ្ធភាព ក្នុងការតស៊ូជាមួយ​​​នឹង​ផ្នែក​ហិរញ្ញវត្ថុបាន​ដូច​គ្នាដែរ»។ លោក CEO បាន​បន្ថែម៕​