ព័ត៌មានជាតិ

គម្រោងស្ថាបនាប្រព័ន្ធរំដោះទឹកកខ្វក់និងទឹកភ្លៀងនៅពីក្រុងកំពង់ចាមនៅដើមឆ្នាំក្រោយ

កំពង់ចាម៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា អេឌីប៊ី (ADB) នឹងចាប់ផ្តើមអនុវត្តស្ថាបនាគម្រោងប្រព័ន្ធ​រំដោះទឹកកខ្វក់ និងទឹកភ្លៀងច្រករបៀងបួននៅក្នុងក្រុងកំពង់ចាម ដែលនៅជាប់គាំងរយៈពេលច្រើន​ឆ្នាំមកនោះ នៅដើមឆ្នាំក្រោយ ២០២៣ ឆាប់ៗខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីខាងមន្រ្តី​បច្ចេកទេស​អនុវត្ត​គម្រោងរបស់ធនាគារមួយនេះ ដែលបានជម្រាបប្រាប់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសដែលលោក និងសហការី ដឹកនាំមន្រ្តីរាជការចុះពិនិត្យផ្លូវក្រាល​កៅស៊ូ​ចូលទៅកាន់សួនគ្រញូង ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី ១៤ វិច្ឆិកានេះ។

លោក លឹម សុខហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមដែលបាន​អមដំណើរប្រតិភូចុះពិនិត្យផ្លូវ មានការចូលរួមពីខាងភាគីម្ចាស់គម្រោង ADB ដឹកនាំដោយលោក អ៊ុន ចាន់ដា បានឱ្យដឹងថា៖ ក្នុងនោះលោកអភិបាលខេត្តកំពង់ចាមបានស្នើដល់ ខាងម្ចាស់គម្រោងរំដោះ​ទឹកកខ្វក់ និងទឹកភ្លៀងនៅក្នុងក្រុងកំពង់ចាម ជួយពង្រីកទំហំទទឹងប្រឡាយរំដោះទឹកភ្លៀងឱ្យ​បានធំជាងក្នុងផែនការមួយម៉ែត្រ គឺនឹងចាប់ផ្តើមអនុវត្តនៅក្នុងរង្វង់ខែមករា ឆ្នាំ២០២៣ ខាងមុខ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនបានបន្តថា៖ បើសាងសង់តាមគម្រោងផែនការទទឹង​ប្រឡាយមួយម៉ែត្រនោះ គឺមិនអាចធានាបានបរិមាណទឹកភ្លៀង ដោយនៅតែជន់លិចនៅតំបន់ទំនាប ប៉ះដល់ប្រព័ន្ធផ្លូវគមនាគមន៍ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជន់លិចលំនៅឋានរយៈពេល​ច្រើនម៉ោង​ដដែល នេះជាបទពិសោធន៍ច្រើនឆ្នាំ នារដូវវស្សា។

លោក ហាន លីណា អភិបាលរងក្រុងកំពង់ចាមបានឱ្យដឹងដែរថា៖ នេះជាគម្រោងច្រករបៀងបួន អភិវឌ្ឍន៍ទីក្រុងមានចំនួនពីរ ប្រទេសក្នុងតំបន់ទន្លេមេគង្គ គឺប្រទេសឡាវ( ក្រុងបាសេ) និងប្រទេសកម្ពុជា ( ក្រុងក្រចេះ ក្រុងស្ទឹងត្រែង និងក្រុងកំពង់ចាម ) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សិក្សារយៈពេល ប្រាំឆ្នាំ។

លោកអភិបាលរងក្រុងកំពង់ចាមបានបន្តថា៖ ឥឡូវការសិក្សាហាក់បានចប់ហើយ ដែលនឹងអាច​ចាប់ផ្តើមដំណើរការស្ថាបនានៅដើមឆ្នាំក្រោយ។ ក្នុងនោះមានប្រព័ន្ធលូរំដោះទឹក​ភ្លៀងជាប្រភេទលូ​ជ្រុងក្នុងសង្កាត់វាលវង់ ដែលលោក អ៊ុន ចាន់ដា អភិបាលខេត្តស្នើឱ្យម្ចាស់គម្រោង​ពង្រីកទំហំទទឹងឱ្យ​បានពីរម៉ែត្រ, ប្រព័ន្ធលូមូលរំដោះទឹកកខ្វក់ សង្កាត់វាលវង់ និងសង្កាត់កំពង់ចាម​ទាំងមូល សង្កាត់​សំបួរមាសចំនួន ៣៥ ភាគរយ និងសង្កាត់បឹងកុកចំនួន ៣០ ភាគរយ, អាងប្រតិកម្ម​មួយកន្លែង ខាងក្រោយសាលាពេទ្យ ភូមិតាណេង  និងស្ថានីយបូមទឹកមួយកន្លែង នៅក្បែរទំនប់ព្រែក​ដើមចាន់ សង្កាត់សំបួរមាស៕

ដោយ៖គង់ហេង