សេដ្ឋកិច្ច

​កម្ពុជា​-​ជប៉ុន ជំរុញ​អភិវឌ្ឍ​កំពង់ផែ​ក្រុងព្រះសីហនុ និង​ផែនការមេ​ភស្តុភារ​កម្ម​កម្ពុជា​

ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២​បាន​ដឹកនាំ​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក​បណ្ឌិតMORI MASAFUMIទីប្រឹក្សា​ពិសេស​របស់​នាយករដ្ឋមន្ត្រី​ជប៉ុននិង​ដោយមាន​ការចូលរួម​ពី​លោក MASAHIRO  MIKAMI​ឯកអគ្គ​រាជ​ទូ​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ នៃ​ក្រសួង​សាធារណ ការ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ជាពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ ផែនការមេ​ភស្តុភារ​កម្ម​កម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។​

​លើកឡើង​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន​ដែ​ល​បាន​ផ្តល់ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទ្រទ្រង់​វិស័យសេដ្ឋកិច្ចនិង​សង្គមជាពិសេស​ហេ​ដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេសនិង​បានលើកឡើង​ពី​ប្រសាសន៍​របស់ លោក ស៊ីន​ហ្សូ អា​បេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុនបាន​ថ្លែងថា«​ការ​សាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​កំពុងអភិវឌ្ឍន៍​គឺត្រូវធ្វើ​ឱ្យមាន​គុណ ភាព​»​។​

​ក្នុងជំនួប​កិច្ចប្រជុំ​នេះ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​គម្រោង​ដែល​ស្ថិតក្រោម​ជំនួយ ការគាំទ្រ និង​ហិរញ្ញប្បទាន​ពី​ប្រទេស​ជប៉ុន ជាពិសេស​គម្រោង​កំពុង​បន្ត​រួមមាន គម្រោង​កសាង​កំពង់ផែ​ក្រុងព្រះសីហនុគម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​៥គម្រោង​កាត់បន្ថយ ​កាបូនឌីអុកស៊ីតគម្រោង​រៀបចំ​ផែនការមេ​ភស្តុភារ​កម្ម​កម្ពុជានិង​គម្រោង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​សាធារណការនិង​ដឹកជញ្ជូន​នៅ​កម្ពុជា និង​បាន​ថ្លែង​អំណរ​អរគុណ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បានផ្តល់​ជំនួយឥតសំណង រៀបចំ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​កំពង់ផែ Port EDI ដែល​ប្រព័ន្ធ​នេះ​បានដាក់​ប្រើប្រាស់​ផ្លូវការ​ក្នុង​ខែសីហា ឆ្នាំ​២០២២​កន្លងទៅនិង​បាន​សម្រួល​ដល់​នីតិវិធី​នៃ​ការចេញចូល​នានា​នៅ​កម្ពុជា ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ និង​ចំណេញ​ពេលវេលា​។​

​នៅក្នុង​កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​លើ​គម្រោង​ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ថ្មី​ជម្រៅ១៤,៥​ម៉ែត្រ ជំហាន​ទី​១ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ២០៣​លាន​ដុល្លារ​ដែល​ត្រូវ​ធានា​ការសាងសង់​ឱ្យមាន​គុណភាព​ខ្ពស់ដោយ​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មីៗដែល​កំពុង​បន្ត​នីតិវិធី​ដេញថ្លៃដើម្បី​ចាប់ផ្តើម​សាងសង់ នៅ​ដើមឆ្នាំ​២០២៣ និង​គ្រោង​បញ្ចប់​ចុងឆ្នាំ​២០២៥ ក្នុងនោះ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកសំណើ​ដល់​ភាគី​ជប៉ុន​ពិចារណា​លើ​ការផ្តល់​ប្រាក់កំចី​បន្ថែម៦០​លាន​ដុល្លាដោយសារ​ការធ្លាក់ចុះ​នៃ​ប្រាក់​យ៉េនដែល​ធ្វើឱ្យ​ខ្វះខាត​ថវិកា​នៃ​ការរៀបចំ​គម្រោង​នេះ​។​

​សូមបញ្ជាក់ថា គម្រោង​សាងសង់​កំពង់ផែ​កុងតឺន័រ​ព្រះសីហនុ ក្នុង​ជំហាន​ទី​២ ជម្រៅ ១៦,៥​ម៉ែត្រ និង​ជំហាន​ទី​៣ មាន​ជម្រៅ​១៧​ម៉ែត្រ ដែលមាន​សមត្ថភាព​ឱ្យ​នាវា​ចេញចូល​ពី​សហរដ្ឋអាមេរិក និង ​អ៊ឺរ៉ុប​ ដោយផ្ទាល់ដោយ​មិនចាំបាច់​ឆ្លងកាត់​កំពុងផែ​នានា​ក្នុង​តំបន់​។ គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​៥ គឺជា​ផ្នែក​នៃ​ផ្លូវ​អាស៊ាន​ហាយ​វេ លេខ​១ ដ៏​មាន​សក្តានុពល ត​ភ្ជាប់ និង​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​ការដឹកជញ្ជូន​នៅ​កម្ពុជា និង​ទៅក្នុង​តំបន់​ជាពិសេស​តាមរយៈ​ប្រទេស​ថៃ​។ គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤​ខាងមុខនេះ​។​

​ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ជួយ​ជំរុញឱ្យមាន​ក្រុមហ៊ុន​ជប៉ុន​មក​វិនិយោគ​លើ​ការ សាង​សង​់ស្ថានីយ​ប​ញ្ជូ​ល​អគ្គីសនី​នៅ​កម្ពុជា ដើម្បី​ជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ឱ្យ​កាន់តែ មាន​ភាពប្រសើរឡើង​។ ខណៈដែល​ដើម្បី​ជម្រុញ​ការប្រើប្រាស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កាត់​បន្ថយពន្ធ​នាំ​ចូលមក​ត្រឹមតែ​ប្រមាន​ជាង ៦០% ប៉ុណ្ណោះ​នៃ​តម្លៃ​យានយន្ត​អគ្គិសនី​។​

​ក្រៅពី​នេះដែរ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បង្ហាញជូន​គណ​ប្រតិភូ​ជប៉ុន អំពី​ការដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៤ ដែល​កំពុង​ត្រូវបាន​អនុវត្ត ដោយ​ថវិកា​ហិរញ្ញប្បទាន​ធនាគារពិភពលោក​។ កម្ពុជា​ក៏​កំពុង​រៀបចំ​មជ្ឈ​មណ្ឌល​ភស្តុភា​កម្ម ធវើឱ្យ​កម្ពុជា​ក្លាយជា​អនុតំបន់​ភស្តុភា​កម្ម ជាពិសេស​គឺ​គម្រោង «​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណង​ភ្នំពេញ​» ដែលជា​ចំណុច​ត​ភ្ជាប់​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ចូលរួម​ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ត្រូវ​បានដាក់​បង្ហាញ​រូបរាង​ជា​ផ្លូវការ នៅក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​។​

​បន្ថែម​ពីនេះ​ស្រប​ពេលដែល​ប្រទេស​ជប៉ុន​បាន​ជួយ​សិក្សា​ចប់សព្វគ្រប់​លើ​កា​រៀបចំ​ផែនការមេ​ភស្តុភារ​កម្ម​នៅ​កម្ពុជា ដែល​នឹង​ត្រូវការ​ទំហំ​ថវិកា​ប្រមាណ ៥០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​អនុវត្ត​គម្រោង​ចំនួន ៣៣២​គម្រោង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ស្នើ​សុំឱ្យ​ក្រុមហ៊ុន​ជប៉ុន ចូលរួម​វិនិយោគ​ក្នុង​គម្រោង​មួយចំនួន ក្នុងចំណោម​គម្រោង​ប្រមាណ ៣៣២​នោះ​ផងដែរ​។​

​ជាមួយនឹង​ការដាក់​ដំណើរការ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដែលមាន​សិស្ស​និស្សិត​ប្រមាណ ៤០០ នាក់ ដែល​នឹង​ក្លាយជា​វិស្វករ​របស់​កម្ពុជា​នាពេល​អនាគត និង​ដើម្បី​ជម្រុញ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ស្នើឱ្យ​ភាគី​ជប៉ុន​ពិនិត្យ​ផ្តល់ជំនួយ​លើ​ឧបករណ៍​សម្រាប់​ពិសោធន៍ និង​ធ្វើតេស្ត ព្រមទាំង​សាស្ត្រាចារ្យ ដើម្បី​បណ្តុះបណ្តាល​បន្ថែម​ដល់​អនាគត​វិស្វករ​កម្ពុជា​ផងដែរ​៕​ដោយៈសិរីមតី