អន្តរជាតិ

អ្នកដោះមីនអ៊ុយក្រែនម្នាក់ស្លាប់ ៤នាក់របួសក្រោយដោះមីននៅតំបន់ឃើសន

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានជូនដំណឹងថា អ្នកដោះមីនអ៊ុយក្រែនម្នាក់បានពលីជីវិត ខណៈ៤នាក់រងរបួស ក្រោយចូលទៅដោះមីនរុស្ស៊ីណែនតាន់តាប់នៅតំបន់ឃើសនភាគខាងត្បូង។

នេះដោយយោងតាមកាសែតជាតិអ៊ុយក្រែន PRAVDA ។ ប្រភពនេះបានស្រង់សំដីប្រធានាធិបតី​អ៊ុយក្រែនហ្សេឡិនស្គី ដែលបាននិយាយនៅល្ងាចថ្ងៃអាទិត្យទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា “ចូរកុំព្រងើយកន្តើយនឹងការពិត ខណៈស្ថានភាពនៅ Kherson នៅតែកំពុងមានគ្រោះថ្នាក់ខ្លាំង​នៅឡើយ។ ជាអកុសល វិស្វករអ្នកដោះមីនរបស់យើងម្នាក់​ត្រូវបានសម្លាប់ បួននាក់ផ្សេងទៀត​បានរងរបួស ក្នុងអំឡុងពេលធ្វើប្រតិបត្តិការបោសសម្អាតទឹកដីនៅតំបន់នេះ។ លោកស្គី បានជម្រាបបន្ថែមថា “អ្នកស៊ើបអង្កេតអ៊ុយក្រែនបានកត់ត្រាឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីជាង ៤០០ សាកសពជនស៊ីវិល និងបុគ្គលិកយោធាដែលត្រូវបានសម្លាប់ទើបតែត្រូវបានរកឃើញថ្មី”។

រាល់ការចោទប្រកាន់ពីគ្រាប់មីននារយៈពេលចុងក្រោយនេះ ទីក្រុងមូស្គូហាក់ដូចជា​នៅស្ងាត់មិនបានធ្វើរបាយការណ៍ឆ្លើយតបថ្មីណានោះទេ។ ទីក្រុងមូស្គូបានបញ្ជាក់​ចំពោះតែទៅលើការដកទ័ពចេញពីក្រុងឃើសនប៉ុណ្ណោះ។ រុស្ស៊ីថា ពួកគេបានដកទ័ពប្រហែល ៣ម៉ឺននាក់ចេញពីឃើសនហើយ ខណៈអ៊ុយក្រែនថាទ័ពរុស្ស៊ីសរុបមាន៤នាក់ម៉ឺននាក់ ខ្លះនៅតែមានវត្តមាននៅជុំវិញក្រុង មិនទាន់ទៅណាឆ្ងាយទេ៕

ប្រភព៖  UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា