សេដ្ឋកិច្ច

អ្នកជំនាញ​អចលនទ្រព្យ​៖​បច្ចុប្បន្ន ការផ្គត់ផ្គង់​ខុន​ដូ​នៅ​ភ្នំពេញ​មាន​ប្រហែល ៣​ម៉ឺន​យូ​នី​ត តែ​នឹង​កើន​ដល់​ប្រមាណ៨​ម៉ឺន​យូ​នី​ត​នៅ​ឆ្នាំ​២០២៥

ភ្នំពេញ៖​ខុន​ដូគឺជា​លំនៅឋាន​បែប​សហកម្មសិទ្ធិដែលជា​ចំណែក​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​ក្នុង​វិស័យ​​អចលនទ្រព្យ​នៅ​កម្ពុជា​។ បច្ចុ​ប្បន្ន​ការផ្គត់ផ្គង់​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រហែល ៣​ម៉ឺន​យូ​នី​ត ឬ​ស្មើនឹង​ជិត​១០០​អគារ​ហើ​យចំនួន​នេះ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹង​កើន​ដល់​ប្រមាណ ៨​ម៉ឺន​យូ​នី​ត​នៅ​ឆ្នាំ​២០២៥​។ យ៉ាងនេះ​ក្តី ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ ១៩ និង​បញ្ហា​សេដ្ឋកិច្ច​សកល​,ការផ្គត់ផ្គង់​ខុន​ដូ​ហាក់​​មាន​​កំណើន​តិច​តូចចំណែកឯ​តម្លៃ​ទីផ្សារ​ខុន​ដូ​វិញ​ក៏​បង្ហាញ​កំណើន​ប្រែប្រួល​តិច​តូច​បើ​ធៀប​នឹង​មុនពេល​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​។

យោងតាម​ការស្រាវជ្រាវ​ពី​ក្រុមហ៊ុន​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ បាន​បង្ហាញថា​បច្ចុប្បន្ន ខុន​ដូ​មានតម្លៃ​ជា​មធ្យម​ចាប់ពី ១ ៥០០ ទៅ ៣ ០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈដែល​តម្លៃ​ជួល​វិញ​ជា​មធ្យម​ចាប់ពី៨ទៅ១៤ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​មួយ​ម៉ែត្រការ៉េ ក្នុង​មួយ​ខែ​។​

បើតាមលោក ខន គង្គា ​អគ្គនាយក​ក្រុមហ៊ុន ERA Cambodia  បាន​លើកឡើងថា​៖ ទីផ្សារ​ខុន​ដូ​គឺជា​ការអភិវឌ្ឍ​សម្រាប់​រយៈពេល​វែង ហើយ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុកនិង​វិនិយោគិន​បរទេសដោយសារ​កំណើន​ពលរ​ដ្ឋ​កម្ពុជា​ដែលមាន​កម្រិតជីវភាព​​ធូរធារ​នឹង​បន្ត​កើនឡើង ការកើនឡើង​នៃ​រំហូ​រវិន​យោគ​ពី​ក្រៅប្រទេសនិង​ជនបរទេស​ដែល​មក​ប្រក​ប​កិច្ចការ និង​ធ្វើការ​ធុរកិច្ច​នៅ​កម្ពុជា​។ ម្យ៉ាងវិញទៀតលោក​បញ្ជាក់ថាតម្លៃ​ខុន​ដូ​នៅ​កម្ពុជាអាចមាន​អត្រាកំណើន​ជា​មធ្យម១៥ភាគរយក្នុង​មួយឆ្នាំដែលជា​អត្រា​នៃ​ផល​ចំណេ​ញ​ខ្ពស់ (high capital gain) បើ​ធៀប​នឹង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ី​។​

លោក​បន្តថា​៖​ស្ថានភាព​បច្ចុប្បន្ន​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការជ្រើសរើស​វិនិយោគ​លើ​ខុន​ដូ ព្រោះ​មាន​គម្រោង​ជាច្រើន​ផ្តល់​លក្ខ​ណ្ឌ​ទូទាត់​​បត់បែន ថែមទាំង​លក់​បញ្ចុះតម្លៃ​ជាច្រើន​។​ដើម្បី​ទាញយក​ផលចំណេញ​ពី​កា​រវិ​និ​យោ​ក្នុង​កាលៈទេសៈ​នាពេល​បច្ចុប្បន្ន​នេះ យើង​សូម​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ធ្វើការ​ជាមួយ​ភ្នាក់ងារ​ជំនាញ ប្រឹក្សា​យោបល់​ដើម្បី​សម្រេចចិត្ត​វិនិយោគ​ឱ្យបាន​ត្រឹមត្រូវ​៕