អន្តរជាតិ

អ៊ុយក្រែនអំពាវនាវប្រជាជននៅឃើសន ប្រុងប្រយ័ត្នខ្ពស់ ខណៈគ្រប់កន្លែងសុទ្ធតែគ្រាប់មីន

អាជ្ញាធរទីក្រុងកៀវ បានប្រកាសអំពាវនាវដល់ប្រជាជនអ៊ុយក្រែននៅតំបន់ឃើសន ភាគខាងត្បូង​ទាំងអស់ឲ្យប្រុងប្រយ័ត្ន ជៀសវាងកន្លែងប្រមូលផ្តុំ ខណៈគ្រប់កន្លែងពោរពេញដោយគ្រាប់មីនរុស្ស៊ី។

ក្រោយបានរំដោះ និងជួបជុំជាមួយប្រជាជនក្នុងក្រុងដោយក្តីសោមន្សនាពេលថ្មីៗនេះ អភិបាលអ៊ុយក្រែន លោក Yaroslav Yanushevych បានជូនដំណឹងតាមសេចក្តីរាយការណ៍​កាលពីថ្ងៃអាទិត្យ ដោយបានស្នើឱ្យអ្នកស្រុកនៃទីក្រុង Kherson ទាំងអស់ជៀសវាងការប្រមូលផ្តុំគ្នានៅកណ្តាលនៃរដ្ឋធានី និងកន្លែងផ្សេងៗទៀត។ រដ្ឋបាលក៏បានសម្រេចដាក់បម្រាមគោចរពីម៉ោង ៥ល្ងាចដល់ម៉ោង ៨ ព្រឹកផងដែរ  និងហាមប្រាមប្រជាជនមិនឱ្យចាកចេញ ឬចូលទីក្រុងដើរហើរផ្តេសផ្តាសបើមិនចាំបាច់។  វិធានការនេះ ធ្វើឡើងដើម្បីការពារអាយុជីវិតប្រជាជនពីហានិភ័យនៃគ្រាប់មីន និងគ្រាប់ផ្លោងរបស់រុស្ស៊ីដែលបានដាក់ពង្រាយសឹងគ្រប់កន្លែងនៃក្រុង។

ទោះបីជាក្រសួងការពារជាតិរុស្ស៊ីបានប្រកាសដកទ័ពចេញហើយក៏ដោយ ប៉ុន្តែស្ថានភាពជាក់ស្តែង អ៊ុយក្រែននិយាយថា ទ័ពរុស្ស៊ីបានបន្លាស់ទីមិនទាន់ទៅឆ្ងាយពីក្រុងទេ។ ពួកគេបានប្តូរទៅតាំងទីនៅត្រើយម្ខាងនៃទន្លេ និងបានបាញ់ផ្លោងបកមកវិញ។ ហ្សេឡិនស្គីនិយាយថា ស្ថានភាពនៅឃើសនពិបាកណាស់ រុស្ស៊ីមុនដកទ័ព ពួកគេបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល ទឹកភ្លើងគ្មានសល់នោះទេ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា