អន្តរជាតិ

អាល្លឺម៉ង់សោកស្តាយដែលពូទីន មិនបានមកចូលរួមកិច្ចប្រជុំG20នៅឥណ្ឌូណេស៊ី

អាល្លឺម៉ង់សំដែងការសោកស្តាយ ជុំវិញអវត្តមានលោកពូទីនមេដឹកនាំរុស្ស៊ីក្នុងកិច្ចប្រជុំប្រទេសសេដ្ឋកិច្ច G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

ក្នុងពេលដែលប្រទេសជាសមាជិកជាច្រើនបាននាំគ្នាធ្វើដំណើរជាហូរហែទៅកាន់ប្រទេសឥណ្ឌូណេស៊ីនៅដើមសប្តាហ៍នេះ​ដើម្បីចូលរួមកិច្ចប្រជុំ G20 រួមមានទាំងប្រធានាធិបតីអាម៉េរិកលោកចូបៃដិន​ផងនោះ ភាគីអាល្លឺម៉ង់អធិការបតី Olaf Scholz ស្រាប់តែបាននិយាយថា លោកមានការសោកស្តាយណាស់ ដែលលោកពូទីនមិនបានមក។ លោកបាននិយាយនៅទីក្រុងហាណូយថា “បើពូទីនមកលើកនេះនឹងល្អ​ជាមិនខាន គាត់នឹងត្រូវមកប្រឈមមុខលាតត្រដាងខ្លួនឯងចំពោះរាល់សំណួរ និងការរិះគន់ទាំងអស់​ដែលត្រូវបានលើកឡើងដោយប្រទេសជាច្រើនក្នុងពិភពលោក។ នោះហើយជាមូលហេតុដែល​ប្រហែល​ជា​គាត់​មិនមក”។

គូសបញ្ជាក់ឡើងវិញថា កិច្ចប្រជុំ G20 លើកទី ១៧ នៅកោះបាលីនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៥ និង ១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ស្ថានទូតរុស្ស៊ីនៅឥណ្ឌូណេស៊ីបានប្រកាសពីដំណឹងអវត្តមានលោកពូទីន​តាំងពីសប្តាហ៍មុនមកម្ល៉េះ តែមិនបានលម្អិតពីហេតុផលវែងឆ្ងាយទេ ខណៈបានចាត់អ្នកតំណាង​កំពូលរដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov ទៅជំនួសវិញ។ យ៉ាងណាមិញ ក្នុងអំឡុងកិច្ចប្រជុំ G20 នៅថ្ងៃទី ១ ​ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានគេរំពឹងថានឹងចេញមុខ​ថ្លែងសុន្ទរកថាតាមវីដេអូផងដែរ ដែលជាព្រឹត្តិការណ៍ដ៏រសើបមួយនៃកិច្ចប្រជុំ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា