សន្ដិសុខសង្គម

រថយន្តផ្លាកលេខ ខ.ម សង្ស័យដឹកគ្រឿង ញៀនបើកបុករថយន្ត២ទៀតខ្ទេចកំណាត់មុខ

ភ្នំពេញ៖ រថយន្តផ្លាកលេខខេមរភូមិន្ទមួយគ្រឿងសង្ស័យដឹកគ្រឿងញៀន បានបើកយ៉ាងលឿនបុករះ រថយន្ត២ទៀតឱ្យខ្ទេចកំណាត់មុខទៅមុខលែងរួច ហើយចុះរត់គេចខ្លួនបាត់។គ្រោះថ្នាក់ចរាចរនេះបាន​កើតឡើងស្ថិតនៅតាមផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីរំលងអធ្រាត្រឈាន​ចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះ​បង្កឡើងដោយ រថយន្តមួយបាំងកន្លះ ពណ៌​ត្រេអ៊ី ផ្លាកលេខខេមរភូមិន្ទ 02 2-1415 សង្ស័យលួចដឹកសារធាតុញៀនខុសច្បាប់។រថយន្តបង្កបើក យ៉ាងលឿនទៅបុករថយន្ត២គ្រឿងទៀត បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។បន្ទាប់មកមនុស្សក្នុងរថយន្តនាំគ្នាចុះរត់គេចខ្លួនបាត់អស់ ​ត្រូវបានអ្នកដំណើរមើលតាមកញ្ចក់ឃើញ មានដឹកកេសធំៗជាច្រើនក៏រាយការណ៍ប្រាប់សមត្ថកិច្ច។

ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌច្បារអំពៅ បានចុះទៅការពារជុំវិញរថយន្តខាងលើ និងពិនិត្យ មើលឃើញក្នុងកេសសង្ស័យជាសារធាតុញៀន រួចសុំគោលការណ៍ដកហូតនាំទៅ​អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ​ ដើម្បីរង់ចាំ​ប្រគល់ឱ្យជំនាញ​​យកទៅពិសោធន៍៕ដោយ៖វិចិត្រ