អន្តរជាតិ

យន្តហោះបុកគ្នាក្នុងពិព័រណ៍អាកាស នៅរដ្ឋតិចសាស់អាម៉េរិកស្លាប់មនុស្ស៦នាក់

មនុស្សយ៉ាងហោចណាស់៦នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកជំនាន់ចាស់​ពីរគ្រឿងបានបុកគ្នាក្នុងពិព័រណ៍អាកាសនៅរដ្ឋតិចសាស់សហរដ្ឋអាម៉េរិកកាលពីចុងសប្តាហ៍កន្លងទៅនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក បានឲ្យដឹងថា យន្តហោះសម័យសង្គ្រាមលោកលើកទី២ ដែលបានយកឈ្នះអាល្លឺម៉ង់ យន្តហោះ Boeing B-17 Flying Fortress និងយន្តហោះ Bell P-63 Kingcobra ទាំងពីរគ្រឿងនេះពិតជាបានបុកគ្នានៅមុខអ្នកទស្សនា​រាប់ពាន់នាក់កាលពីរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះមែន នៅឯវាលពិព័រណ៍អាកាស Wings Over Dallas Airshow ស្ថិតក្នុងរដ្ឋតិចសាស់សហរដ្ឋអាម៉េរិក។ ក្នុងសោកនាដកម្មដ៏គួរឲ្យភ័យខ្លាចនេះ នាវិកស្ម័គ្រចិត្តទាំង៦នាក់នៃយន្តហោះទាំងពីរបានបាត់បង់ជីវិតស្តែងៗតែម្តង ខណៈពេលដែលបំណែក​យន្តហោះបានផ្ទុះឆេះលើអាកាសមុនពេលធ្លាក់ចុះមកលើដីហុយផ្សែងទ្រលោម។

ជុំវិញហេតុការណ៍នេះ  អាកាសចរណ៍សហព័ន្ធអាម៉េរិកបានកំពុងធ្វើការជាមួយក្រុមប្រឹក្សាសុវត្ថិភាព​ដឹកជញ្ជូនជាតិស៊ើបអង្កេតយ៉ាងហ្មត់ចត់។ ចំណែកពិព័រណ៍អាកាសដែលគ្រោងដាក់បង្ហាញ​យន្តហោះចម្បាំងជាច្រើនគ្រឿងផ្សេងទៀតត្រូវបានលុបចោលភ្លាមៗ។ អ្នកចូលរួមហាក់​មានការហួសចិត្តយ៉ាងខ្លាំង ពីព្រោះអ្នកបើកយន្តហោះនៅក្នុងកម្មវិធីបង្ហាញផ្លូវអាកាស​គឺជាអ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អជាមួយនឹងបទពិសោធន៍យោធា និងពាណិជ្ជកម្មយ៉ាងស្ទាត់ជំនាញ។ នាយកប្រតិបត្តិទទួលបន្ទុករៀបចំពិព័រណ៍លោក Hank Coates បានជម្រាបថា “នាវិកបានធ្វើតេស្តសាកល្បងហោះហើរប្រហែល ៦៥០០ ម៉ោងក្នុងមួយឆ្នាំ ទាំងក្នុងកម្មវិធីទូរទស្សន៍ និងការហ្វឹកហាត់ផ្សេងៗ មិនដែលមានបញ្ហាទេ”៕

ប្រភព៖  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា