សន្ដិសុខសង្គម

នាំជនបរទេសនិងខ្មែរសង្ស័យឆបោកលុយជិត១ម៉ឺនដុល្លារទៅតុលាការ

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌសែនសុខ បានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ ម្នាក់ជនជាតិលីបេរីយ៉ា​និងម្នាក់ទៀតជាខ្មែរ ពាក់ព័ន្ធឆបោកលុយ៩.០០០ដុល្លារ និងបញ្ជូនទៅតុលាការ។

កម្លាំងចុះបង្ក្រាបបានឱ្យដឹងថា ជនសង្ស័យ២នាក់ត្រូវបានផ្នែកជំនាញខណ្ឌស្រាវជ្រាវ ចាប់ខ្លួនកាលពី​ល្ងា​ច​ថ្ងៃទី១១ ខែវិច្ឆិកា ពាក់ព័ន្ធករណីឆបោកលុយចំនួន៩.០០០ដុល្លារ។ពួកគេប្រព្រឹត្ត កាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ មេណ្ឌក៍មុន្នី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខនិងឈ្មោះ MOSES KREEJARDIAH អាយុ៣០ឆ្នាំ ជនជាតិ លីបេរីយ៉ា ស្នាក់នៅសណ្ឋាគារខណ្ឌជ្រោយចង្វា។ជនសង្ស័យបានឆបោកលុយចំនួន ៩.០០០ដុល្លារ ពីជនរងគ្រោះឈ្មោះ ឡាច ប៉ូឡូ អាយុ៤៥ឆ្នាំ ស្នាក់នៅបុរីឈូកវ៉ា២ ភូមិតិកបញ្ញា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  ។

សម្ភារបាត់បង់លុយចំនួន៩.០០០ដុល្លារ, សម្ភារបន្សល់ទុក វ៉ាលិសពណ៌ខ្មៅ១, ទូដែក១មានខោអាវ​មួយចំនួនរបស់ជនសង្ស័យ ។ក្រោយពីចាប់ខ្លួននគរបាលខណ្ឌសែនសុខបានសាកសួរនិងរៀបចំ​សំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ