សន្ដិសុខសង្គម

ត្រៀមបញ្ជូនបរទេស៦នាក់បង្ខាំងមនុស្សជំរិតទារប្រាក់ទៅតុលាការ

កោះកុង៖កម្លាំងនគរបាលក្រុងខេមរភូមិន្ទខេត្តកោះកុង បានចាប់ជនបរទេសចំនួន៦នាក់ ពីបទបង្ខាំងមនុស្សនិងជំរិតទារប្រាក់ ហើយរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។

លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទបានឱ្យដឹងថា ក្រោយទទួលបណ្តឹងកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងជំនាញបានចុះចាប់ក្រុម ជនសង្ស័យករណីបង្ខាំងមនុស្សខុសច្បាប់និងជំរិតទារប្រាក់ចំនួន៦នាក់។

លោកអធិការបានបន្តថា តាមបណ្តឹងរបស់ឈ្មោះ Ong Tun Chyian  ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិម៉ាឡេស៊ី បានបញ្ជាក់ថា មានគេចាប់បង្ខាំងប្រពន្ធរបស់ខ្លួនឈ្មោះ លីលី ពីង អាយុ៣៥ឆ្នាំ ធ្វើឡើងដោយមានជនជាតិចិននិងម៉ាឡេស៊ី ប្រព្រឹត្តតាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២មកម៉្លេះ និងគំរាមទារប្រាក់ចំនួន១ម៉ឺន៥ពាន់ដុល្លារ។

សមត្ថកិច្ចបានចុះស្រាវជ្រាវចាប់ក្រុមសង្ស័យប្រុសស្រី៦នាក់នៅម្តុំផ្ទះជួល ក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដោយមានជនជាតិចិនប្រុសស្រី៤នាក់និងម៉ាឡេស៊ីប្រុសស្រី២នាក់។ចំណែកស្ត្រីរងគ្រោះឈ្មោះ លីលី ពីង បានប្រគល់ឱ្យផ្នែកស៊ើបអង្កេតបន្តនីតិវិធី។ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៦នាក់ត្រូវបាននគរបាលក្រុងខេមរភូមិន្ទសាកសួររួចកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ