សន្ដិសុខសង្គម

តាមចាប់អ្នកបើករថយន្តបុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវបណ្តាលឱ្យស្លាប់

ភ្នំពេញ៖បុរសម្នាក់កំពុងដើរឆ្លងផ្លូវជាតិលេខ១ ត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យស្លាប់មួយរំពេច ហើយរថយន្តបន្ថែមល្បឿនបើករត់គេចខ្លួនបាត់។គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះនៅលើផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីព្រលប់ ថ្ងៃទី១៣ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តមិនស្គាល់អត្តសញ្ញាណ បានបើកយ៉ាងលឿន តាមផ្លូវជាតិលេខ១ពីកើតទៅលិច។ លុះដល់កន្លែងកើតហេតុ ក៏បានបុកអ្នកថ្មើរជើងឈ្មោះ កាន់ ទិត្យា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ខណៈជនរងគ្រោះកំពុងដើរឆ្លងផ្លូវជាតិលេខ១ បណ្តាលឱ្យស្លាប់ភ្លាម ហើយរថយន្តក៏បើករត់គេចបាត់តែម្តង។

ក្រោយមកសមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ។រីឯសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់តៃកុងរថយន្តបង្កយកមកចាត់ការតាមច្បាប់ ៕ដោយ៖វិចិត្រ