សន្ដិសុខសង្គម

ជិះទូកលេងក្នុងស្ទឹងសែនបណ្តាលឱ្យលិចបាត់ខ្លួនម្នាក់ជួយសង្គ្រោះបាន២នាក់

កំពង់ធំ៖បុរស៣នាក់នាំគ្នាជិះទូកលេងក្រោមស្ពានស្ទឹងសែន ស្រាប់តែទូកនោះបានលិចបណ្តាលឱ្យ​បាត់ខ្លួនម្នាក់​និង២នាក់ទៀតអ្នកភូមិជួយសង្គ្រោះទាន់ពេលវេលា។ហេតុការណ៍នេះបានកើតឡើង​នៅក្រោមស្ពានស្ទឹងសែន ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា។

លោក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែនបានឱ្យដឹងថា មុនកើតហេតុមានបុរស ៣នាក់នាំគ្នាជិះទូកទៅស្ទូចត្រីលេងនៅក្រោមស្ពានស្ទឹងសែន ស្រាប់តែទូកនោះបានលិច ត្រូវបានអ្នកជិតខាងជួយសង្គ្រោះ២នាក់និងបាត់ខ្លួនម្នាក់ ត្រូវកម្លាំងសមត្ថនិងអាជ្ញាធរ​កំពុងតាមស្វែងរក។ចំពោះករណីលិចទូកនោះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។

លោកអធិការបានបន្តថា បុរសបាត់ខ្លួនឈ្មោះ ខេង ហ្វីលីពីន អាយុ២៤ឆ្នាំ ជាងបិទស្កុតម៉ូតូ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។អ្នកជួយផុតពីសេចក្តីស្លាប់ឈ្មោះ ថោង ខេមរេត អាយុ៥៧ឆ្នាំជានគរបាលខេត្ត នៅភូមិទី១ ក្រុងស្ទឹងសែននិងឈ្មោះជាតិ អាយុ ៤១ឆ្នាំ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕ដោយ៖វិចិត្រ