អន្តរជាតិ

ចិនរាយការណ៍ពីព្រិលធ្លាក់ដំបូងក្នុងរដូវរងាឆ្នាំ២០២២នៅតាមតំបន់ភាគឦសាន

ដោយឡែកងាកមកប្រទេសចិនវិញម្តង អាជ្ញាធរបានរាយការណ៍ជាថ្មីពីកម្រិតព្រិលធ្លាក់ខ្លាំងដំបូង​ក្នុងរដូវរងាឆ្នាំ២០២២នេះតាមតំបន់ភាគឦសាននៃប្រទេស។

យោងតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានចិនស៊ីនហួរ បានឲ្យដឹងថា ព្រិលបានចាប់ផ្តើម​ធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីថ្ងៃសៅរ៍ ជាមួយនឹងសីតុណ្ហភាពទាប។ ទីក្រុង Harbin រដ្ឋធានីនៃខេត្ត Heilongjiang បានទទួលយកព្រិលដំបូងនៃរដូវរងាប្រចាំឆ្នាំ២០២២ ដែលបានបណ្តាលឱ្យ​ផ្លូវ​ពោរពេញដោយទឹកកក អ្នកស្រុកជាច្រើននំាគ្នាស្លៀកពាក់អាវធំ មួក និងក្រមាបង់ក។ ចំណែកព្រិលនៅក្នុងទីប្រជុំជន Changchun នៃខេត្ត Jilin វិញគឺមានកម្រាស់រហូតដល់ ១៨ សង់ទីម៉ែត្រ។ ផ្នែកខ្លះនៃខេត្ត Liaoning វិញក៏មានព្រិលធ្លាក់ខ្លាំងដែរ ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះពី ១០ ទៅ ១២ អង្សាសេ។

ជាការឆ្លើយតប រដ្ឋបាលនៃខេត្តនីមួយៗបានបញ្ជូនកម្លាំងអន្តរាគមន៍ឈូសសម្អាតទឹកកករាប់ពាន់នាក់ ខណៈក្រុមហ៊ុនកម្ដៅក្នុងទីក្រុង Jilin ក្តីបានបង្កើនប្រភពកម្ដៅរបស់ពួកគេចាប់ពី ៣ ទៅ ៥ អង្សាសេ ដើម្បីទប់ទល់នឹងរលកត្រជាក់ រហូតព្រិលបានថមថយនៅថ្ងៃអាទិត្យ៕

ប្រភព៖  XINHUA.NET

ប្រភពរូប៖XINHUA.NET
ប្រែសម្រួល៖សុខ តុលា