សេដ្ឋកិច្ច

ចាប់ផ្តើម​ធ្លាក់​ខ្យល់​រំហើយ ត្រី​ស្ទឹង​សង្កែ​ឡើង​ច្រើន​ប្លែក​ពី​ធម្មតា​

​បាត់ដំបង​៖ ចាប់ផ្តើម​ធ្លាក់​ខ្យល់​រំហើយ​ឆ្នាំនេះ​ត្រី​ស្ទឹង​សង្កែ​ឡើង​ច្រើន​ប្លែក​ពី​ធម្មតា​ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ចុះ​នេសាទ​ដើម្បី​លក់ដូរ និង​ធ្វើ​ប្រហុក ផ្អក ត្រៀម​បម្រុង​ទុក​។​

​រដូវ​ធ្លាក់​ខ្យល់​ត្រជាក់​ចាប់ផ្តើម​បានធ្វើ​ឲ្យ​ហ្វូង​ត្រី​ច្រើន​ប្រភេទ​ផ្លាស់ប្តូរ​ទីកន្លែង​ឡើង​ច្រើន​ក្នុង​ស្ទឹង​សង្កែ ត្រង់ចំណុច​ផ្នែក​ខាងក្រោម​ជាប់​ទំនប់​សាលា​តា​អន ក្នុងភូមិ​ព្រែ​កញ្ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ពលរដ្ឋ​អ្នកនេសាទ​ជនជាតិខ្មែរ​ដែល​ប្រើ​ឧបករណ៍​សំណាញ់​ម្នាក់​បាន​ប្រាប់ថា​÷ ដើមខែ​ក​ក្តិ​ក ឆ្នាំនេះ​ត្រី​ក្នុង​ស្ទឹង​សង្កែ​បាន​ឡើង​សម្បូរ​ខ្លាំង​នៅ​ចន្លោះ​ថ្ងៃ ៩​កើត ដល់​ថ្ងៃ ១​រោច​ថ្មីៗ​កន្លងមក នេះ​។ ត្រី​ចម្រុះ​តូច ធំ ចាប់តាំងពី​ថ្ងៃ​ឡើង​ខ្លាំង​ភ្លាម​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​មកពី​គ្រប់ទិសទី ពិសេស​បងប្អូន​ខ្មែរឥស្លាម​បាននាំ គ្នា​សម្រុក​មក​នេសាទ​យ៉ាង​ពពាក់ពពូន​ទាំងយប់ ទាំង​ថ្ងៃ រហូត​រាប់រយ​នាក់ ដែល​ប្រជា​នេសាទ​ខ្លះ​ប្រើ​ឧបករណ៍​សំណាញ់ មង ឬ​ខ្នង​ដួស​ផ្សេងៗ​គ្នា​។ ចំណែកឯ​ពលរដ្ឋ​មួយចំនួនទៀត​បានធ្វើ​ដំណើ​រ​មកលេង​កម្សាន្ត និង​ទិញ​ត្រី​ធ្វើ​ម្ហូប ផ្អក ប្រហុក ធ្វើ​ត្រីឆ្អើរ​ជាដើម​។​

​រីឯ​អ្នកស្រី ម៉ាត់ ណាស់ ជា​ខ្មែរឥស្លាម​បាន​រៀបរាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៣ ខែ​វិ​ច្ឆ​កា ឆ្នាំ ២០២២​ថា​÷ ត្រី​បាន​ឡើង​ខ្លាំង​ទាំង​ហ្វូងៗ​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ​តាំងពី​ដើមខែ​វិ​ច្ឆ​កា មក​។ ប្តី​របស់​អ្នកស្រី​រកត្រី​បាន​ក្នុង​មួយថ្ងៃ​ពី ៥០ ទៅ ៨០​គីឡូក្រាម មាន​ប្រភេទ​រៀល ត្រី​កញ្ចុះ ត្រី​ឆ្ពិន តា​អោន និង​កំពឹស​ផងដែរ​។ ចំពោះ​តម្លៃ ត្រី ស ឬ​ត្រី​រៀល​មាន​តូច មាន​ធំ​ក្នុង​មួយ​គីឡូក្រាម​លក់បាន​តម្លៃ​ចាប់ពី ១៣០០​រៀល ដល់​៤៥០០​រៀល​, ត្រី​កញ្ចុះ​លក់បាន​តម្លៃ ៥០០០​រៀល​, ត្រី​តា​អោន និង​កំពឹស​លក់បាន​ក្នុងតម្លៃ​ចន្លោះ​ពី ១៥០០០​រៀល ដល់ ២៥០០០​រៀល​។

​អ្នកស្រី​បន្តថា​÷ អំឡុង​ត្រី​ស្ទឹង​សង្កែ​ឡើង​ច្រើន​ប៉ុន្មាន​ថ្ងៃ​មកនេះ​លោកស្រី​រកប្រាក់​ចំណូល​បាន​ច្រើន​គួរសម​ដែរ នៅ​ថ្ងៃ​ខ្លះ​រកប្រាក់​បាន​ចំនួន ២០ ដល់ ៣០​ម៉ឺន​រៀល ប៉ុន្តែ​ចុងក្រោយ​នេះ​ផល​ត្រី​ចុះ​បន្តិច រកប្រាក់​ចំណូល​បានតែ​ពី ៧​ម៉ឺន ដល់ ១៥​ម៉ឺន​តែប៉ុណ្ណោះ​។ បច្ចុប្បន្ន​នៅតែ​បន្ត​មាន​ប្រជា​នេសាទ​រាប់រយ​នាក់​នាំគ្នា​សម្រុក​នេសាទ មាន​ទាំង​លក្ខ​ណះ​អាជីព និង​តាមបែប​គ្រួសារ​លេង​កម្សាន្ត​សប្បាយ​ថែមទៀត​៕ដោយ៖ព្រះអង្គខ្មៅ