សន្ដិសុខសង្គម

ចាក់សាំងបង្កាត់ភ្លើងដាំបាយឆាបឆេះពេញខ្លួន រងរបួសធ្ងន់២នាក់

ប៉ៃលិន៖បុរស២នាក់ធ្វើដំណើរទៅគាស់គល់ឈើ ដល់ម៉ោងដាំបាយក៏បានយកសាំងចាក់បង្កាត់ភ្លើង ត្រូវភ្លើងឆាបឆេះពេញខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា កាលពីព្រលប់ថ្ងៃទី១៣ ខែវិច្ឆិកា មានបុរស២នាក់បានយកសាំង​ចាក់ចេញពីប៊ីដុងដើម្បីបង្កាត់ភ្លើងដាំបាយ ត្រូវភ្លើងឆាបឆេះសន្ធោសន្ធៅពេញខ្លួន​បណ្តាលឱ្យ​រងរបួសធ្ងន់ទាំង២នាក់។ករណីនោះបានកើតនៅម្តុំគគីរ​ប្រហោង​អូរស្លេវ ស្ថិត​ក្នុង​ភូមិ​ក្រចាប់​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ​។

មន្ត្រីដដែលបានបន្តថា ជនរងគ្រោះដែលត្រូវភ្លើងឆេះឈ្មោះ​ ឡោះ​ យូរ​ ​អាយុ​៣៨​ឆ្នាំ​ នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន និងឈ្មោះ​ ឌឿង​ ដាំ​ អាយុ​១៩ឆ្នាំ​ នៅភូមិ សង្កាត់ជាមួយគ្នា។ពួកគេមានមុខរបរ​ដើរជីកគល់ឈើយកទៅលក់។

បន្ទាប់ពីមានហេតុការណ៍ដ៏ព្រឺព្រួចនោះមក កម្លាំងអាជ្ញាធរសង្កាត់អូរតាវ៉ៅបានជួយដឹក​ជនរងគ្រោះទាំង២នាក់តាមរថយន្តយកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ៕ដោយ៖វិចិត្រ