អន្តរជាតិ

ខណៈដកទ័ពចេញពីឃើសន រុស្ស៊ីអះអាងជាថ្មីថាបានដណ្តើមយកភូមិនៅខេត្តដូណេត

ក្រោយបានប្រកាសដកទ័ពចេញពីតំបន់ឃើសនអ៊ុយក្រែនភាគខាងត្បូង រុស្ស៊ីបានអះអាងចុងក្រោយថា ពួកគេបានបង្វែរយុទ្ធសាស្រ្តដណ្តើមបានភូមិថ្មីនៅខេត្តដូណេតភាគខាងកើត។

យោងតាមការចុះផ្សាយដោយសារព័ត៌មានអាល់ចាហ្សេរ៉ា កាលពីថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កងកម្លាំងបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ខេត្ត Donetsk នៃប្រទេសអ៊ុយក្រែន បានរាយការណ៍មកថា ពួកគេពិតជាបានដណ្តើមបានភូមិចំនួនពីរនៅជិតទីក្រុងឧស្សាហកម្ម Bakhmut ខ្សែបន្ទាត់ភាគខាងកើតនៃខេត្តដូណេតអ៊ុយក្រែនមែន។ ភូមិទាំងនោះស្ថិតនៅភាគខាងត្បូងនៃទីក្រុង Bakhmut ដែលជាទីក្រុង     ផលិតស្រា និងអំបិល ដែលធ្លាប់មានប្រជាជនប្រមាណ ៧០០០០នាក់រស់នៅ។ ភូមិមួយក្នុងចំណោមនោះមានឈ្មោះថា Majorsk ស្ថិតនៅក្បែរទីប្រជុំជន Horlivka។

ចំពោះព័ត៌មាននេះ អ៊ុយក្រែនមិនទាន់បានបញ្ចេញរបាយការណ៍លម្អិតអំពីភូមិខាងលើនៅឡើយទេ ប៉ុន្តែនៅក្នុងសុន្ទរកថាវីដេអូមួយកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែន Zelenskyy បានទទួលស្គាល់ពីការវាយប្រហារយ៉ាងខ្លាំងរបស់រុស្ស៊ីនៅក្នុងខេត្តដូណេត។ លោក​បាន​មាន​ប្រសាសន៍​ថា “វា​ជា​នរក​សុទ្ធសាធ​នៅ​ទី​នោះ”។ កងកម្លាំងអ៊ុយ  ក្រែនកំពុងទប់ទល់នឹងការវាយប្រហារ​របស់រុស្ស៊ីយ៉ាងសន្ធាប់នៅដូណេត។ ជាមួយគ្នានេះ អភិបាលអ៊ុយក្រែននៅដូណេត លោក Pavlo Kyrylenko ក៏បានរាយការណ៍ពីអ្នកស្លាប់ពីរនាក់ និងរបួសម្នាក់ផងដែរ។ អ្នកស្លាប់ក្នុងការវាយ​ប្រហារនេះគឺសុទ្ធតែជាជនស៊ីវិល៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា