កីឡា

Arsenal នាំ​មុខ ៥ពិន្ទុ​ដាច់ ក្រោយ Man City ស្រឡាំងកាំង​ដោយសារ Brentford ​

ក្រុម​កាំភ្លើង​ធំ Arsenal បាន​​ឆ្ពោះ​ទៅ​កាន់​ការ​ឈប់​សម្រាក សម្រាប់​ព្រឹត្តិការណ៍ World Cup ដោយ​ការ​មាន​គម្លាត​ដាច់ ៥ពិន្ទុ នៅទី​កំពូលតារាងនៃ​ក្របខ័ណ្ឌ Premier League បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Wolverhampton Wanderers (Wolves) ២-០ កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុម​មេឃខៀវ Manchester City បានរងបរាជ័យយ៉ាងគួរ​ឱ្យ​ភ្ញាក់ផ្អើល ២-១ ក្នុងផ្ទះខ្លួន​ឯង ក្រោម​ដៃ​របស់​ក្រុម Brentford។

ជាមួយ​គ្នា​នេះ ក្រុម Newcastle នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីបាន​ផ្ដល់​ឱ្យក្រុមតោខៀវ Chelsea នូវ​បរាជ័យ ៣ដង​ជាប់ៗ​គ្នា សម្រាប់​ការ​ប្រកួត​ក្នុងលីគ ដោយ​ការ​យក​ឈ្នះ ១-០ នៅកីឡដ្ឋាន St. James’ Park ខណៈដែលក្រុម Tottenham ធ្វើ​បាន​សម្រេច ២គ្រាប់ ក្នុងរយៈពេល ១០នាទីចុងក្រោយ ដើម្បីវាយ​បក​យក​ឈ្នះក្រុម Leeds ៤-៣។

ក្រុម Man City មិនចាញ់នោះ​ឡើយ នៅទឹក​ដី Etihad នេះ តាំងពីខែកុម្ភៈមក ប៉ុន្តែត្រូវ​បាន​ធ្វើ​ឱ្យ​ស្រឡាំងកាំង ដោយសារ​ការឆ្លើយតបរបស់ខ្សែប្រយុទ្ធ Ivan Toney បន្ទាប់ពី​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់​ព្រឹត្តិការណ៍ World Cup 2022 ជាមួយ​នឹង​ការ​ស៊ុត​គ្រាប់​បាល់​ជ័យ​ជម្នះ នៅ​នាទីទី​៩០+៨។

លោក Pep Guardiola បានព្រមានមុនការប្រកួតថា ក្រុមរបស់លោក អាចនឹងលេងដោយ​មាន​ភ្នែកម្ខាងសម្លឹង (បែក​អារម្មណ៍) ​ទៅ​ World Cup ព្រោះ​ក្នុង​ចំណោម​កីឡាករ​ជម្រើស​ដំបូង ១១នាក់ មាន​ ១០​រូប ត្រូវ​ធ្វើដំណើរទៅកាន់ប្រទេសកាតា។

លោក Guardiola បាននិយាយ​ទទួល​ស្គាល់​ថា៖ «ក្រុមដែលល្អជាង បានទទួល​ជ័យជម្នះ។ យើង​មាន​បញ្ហា​​ច្រើន ហើយ​យើង​មិន​អាច​ធ្វើ​ការ​គៀប​​សង្កត់បាន ព្រោះ​ពួក​គេក៏​​មិនបាន​បណ្ដោយ​​ឱ្យ​​យើងធ្វើ​បែប​ហ្នឹងឡើយ​»។

រី​ឯ​ក្រុម Arsenal បានឆ្លៀតទាញយក​​ផល​ទាំង​ស្រុងពី​ការ​​រង​បរាជ័យ​របស់​ក្រុម​មេឃខៀវ​នោះ ដើម្បី​​ឱ្យ​ខ្លួន​ឯង​កា្លយ​ជា​គូ​ប្រជែង​ពាន​រង្វាន់ ដែល​មិន​អាច​មើល​ស្រាល​បាន នៅពេលដែលការ​ប្រកួត​​របស់ Premier League ត្រឡប់មកមាន​សកម្ម​វិញ ក្រោយផ្អាករយៈពេល ៦សប្តាហ៍ នៅថ្ងៃ Boxing Day (ការ​ប្រកួត​ក្រោយថ្ងៃ​បុណ្យ​គ្រិស្តស្មាស់ ថ្ងៃទី២៦ ខែធ្នូ)។

Martin Odegaard បានក្លាយ​ជា​កីឡាករ​គំរូ​សម្រាប់ក្រុមកាំភ្លើងធំ ខណៈដែលខ្សែបម្រើសញ្ជាតិន័រវែស​រូប​នេះ បានស៊ុតបញ្ចូល​ទី​ទាំង ២គ្រាប់ សម្រាប់​ការ​ដណ្ដើម​បាន ៣ពិន្ទុ​នេះ។

គ្រូបង្វឹកថ្មីរបស់ក្រុម Wolves លោក Julen Lopetegui បានអង្គុយ​មើល​ក្នុង​ចំណោម​អ្នក​គាំទ្រ មុនពេលចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃចន្ទ ហើយមានការងារត្រូវធ្វើ នា​ពាក់កណ្តាលរដូវកាលនេះ ដោយ​ការទាញ​ក្រុម​ឱ្យ​គេច​ពី​តំបន់​គ្រោះ​ថ្នាក់ ដែល​ពេល​នេះ​កំពុង​ឈរ​នៅ​បាតតារាង៕