កីឡា

Guardiola និយាយថា Man City នឹងកា្លយជារជ្ជកាលដ៏យូរបំផុតរបស់លោក

លោក Pep Guardiola ទទួលស្គាល់ថា គាត់មិនអាចធ្វើការស្រមៃបានទេថា គាត់នឹងដឹកនាំក្លិបណាមួយផ្សេង ឱ្យយូរជាងពេលវេលាមាសរបស់គាត់ជាមួយក្លិប Manchester City។

លោក Guardiola កំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមមេឃខៀវ Man City ហើយមិនទាន់បង្ហាញទេថា តើគាត់នឹងបន្តស្នាក់នៅជាមួយក្រុមជើងឯកនៃក្របខ័ណ្ឌ Premier League ទៀតដែរ ឬយ៉ាងណា។

អ្នកចាត់ការវ័យ ៥១ឆ្នាំរូបនេះ តែងមានការដាក់ខ្លួនយ៉ាងស្មោះស្មើជានិច្ច មុនពេលដែលចុងក្រោយ មានការបន្តកិច្ចសន្យាថ្មី ២ដងនៅមុនហ្នឹង អំឡុងរយៈពេល ៦ឆ្នាំរបស់គាត់ នៅទីក្រុង Manchester។ លោកបានដឹកនាំក្រុម Man City ឱ្យឈ្នះពានរង្វាន់ធំៗចំនួន ៩ ក្នុងនោះរួមមានពានរង្វាន់ Premier League ចំនួន ៤ដង គិតចាប់តាំងពីបានចូលកាន់តំណែង ក្នុងឆ្នាំ២០១៦។

ត្រឹមចុងបញ្ចប់នៃរដូវកាលនេះ គាត់នឹងដឹកនាំក្រុម Man City បានយូរដូចដែលគាត់ធ្វើជាអ្នកចាត់ការរបស់ក្រុម Barcelona និង Bayern Munich រួមបញ្ចូលគ្នា ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានទទួលស្គាល់ថា ម្ចាស់ក្លិប ដែលមានមូលដ្ឋាននៅទីក្រុង Abu Dhabi បានផ្តល់ឱ្យគាត់បរិយាកាសដ៏ល្អឥតខ្ចោះ ដើម្បីទទួលបាននូវភាពរីកចម្រើន។

លោក Guardiola បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា៖ «ស្នាក់នៅកន្លែងផ្សេងទៀតរយៈពេល ៧ឆ្នាំឬ? ទេ ខ្ញុំមិនគិតដូច្នេះទេ។ វាពិបាកណាស់ ក្នុងការស្វែងរកអ្វី ដែលខ្ញុំមាននៅទីនេះ ក្នុងនាមជាអ្នកចាត់ការក្រុម។ ដើម្បីក្លាយជាគ្រូបង្វឹកក្នុងរយៈពេលដ៏យូរនោះ អ្នកត្រូវមានការជួយគាំទ្រខ្លាំងណាស់។ លទ្ធផលពិតជាជួយបានច្រើន ដោយនោះមិនអាចប្រកែកបានឡើយ។ ក្នុងពិភពនេះ គេបញ្ចប់តំណែងរបស់អ្នក ដកតួនាទីរបស់អ្នក យើងសុទ្ធតែបានដឹងហើយ»។

«ប៉ុន្តែក្នុងក្លិបធំៗ ចំណែកនៃភាពជោគជ័យរបស់អ្នកចាត់ក្រុម គឺប្រធាន នាយកកីឡា ជាពិសេសនាយកប្រតិបត្តិ និងបុគ្គលគ្រប់រូប នៅទីនេះ។ វាពាក់ព័ន្ធទៅដល់ប្រព័ន្ធផ្សព្វផ្សាយ អ្នកគាំទ្រ និងកីឡាករគ្រប់គ្នា។ ទាំងអស់នោះ ត្រូវមាននឹងនរ។ នេះជាមូលហេតុ ដែលខ្ញុំគិតថា មានតែនៅក្នុងក្លិបមួយចំនួនប៉ុណ្ណោះ ដែលអាចកើតឡើង»។ លោក Guardiola បានបន្ថែម។

ដោយការប្រកួត World Cup នឹងកើតឡើង នៅប៉ុន្មានថ្ងៃខាងមុខនោះ មានន័យថា ការប្រកួតប្រជែង នៅ Premier League នឹងត្រូវផ្អាក ដែលជាការផ្តល់ឱកាសឱ្យលោក Guardiola ជួបជាមួយក្រុមការងាររបស់គាត់ ដើម្បីពិភាក្សាអំពីអនាគតរបស់គាត់ ដែលអាចនឹងបន្តឱ្យលើសពីចុងបញ្ចប់នៃរដូវកាលនេះ តែអ្វីៗ ដែលនឹងកើតឡើងយ៉ាងណានោះ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់៕