អន្តរជាតិ

អ៊ុយក្រែនថារុស្ស៊ីដាក់ពង្រាយគ្រាប់មីនច្រើនណាស់នៅឃើសន

ទន្ទឹមនឹងការដកទ័ពរុស្ស៊ីចេញពីតំបន់កំពង់ផែឃើសនភាគខាងត្បូង អ៊ុយក្រែនបានព្រមានថា នេះអាចជាល្បិច ខណៈរុស្ស៊ីបានបង្កប់គ្រាប់មីនទុកច្រើនណាស់។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានជូនដំណឹងមកថា កងទ័ពរុស្ស៊ីហាក់ដូចជាចង់ធ្វើឲ្យទីក្រុងឃើសនប្រែក្លាយជាទីក្រុងខ្មោចអ៊ីចឹង ខណៈបានដាក់មីននៅទូទាំង Kherson នៅគ្រប់ជំហាន មុនពេលដែលពួកគេ​ដកខ្លួនចេញទៅនៅត្រើយម្ខាងទៀតនៃទន្លេ Dnieper រួចបន្តបាញ់ផ្លោងបកមកវិញ។ អ្នកស្រុកនៅឃើសនបាននិយាយថា ជនជាតិរុស្ស៊ីកំពុងនាំយកឧបករណ៍ជាច្រើនចូលទៅក្នុងទីក្រុង ហើយថែមទាំងជីកបង្កប់គ្រាប់មីនជាច្រើនប្រភេទ។ ការប្រកាសដកទ័ពរបស់រុស្ស៊ីនៅឃើសន បានធ្វើឲ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ ក៏ដូចជាអ្នកតាមដាន​ព្រឹត្តិការណ៍អន្តរជាតិ។

ទោះជាយ៉ាងណាក៏ដោយ អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោកឧត្តមសេនីយ៍ Valeriy Zaluzhny បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ទីក្រុង Kyiv បានឈានទៅមុខចម្ងាយ ៣៦,៥ គីឡូម៉ែត្រ និងបានរំដោះយកភូមិ និងទីប្រជុំជនចំនួន ៤១ មកវិញហើយនៅឃើសន។ អ៊ុយក្រែនបានដាក់ការប្រុងប្រយ័ត្នខ្ពស់បំផុតនៅឃើសន ការពារខ្លួនពីការផែនការអាក្រក់ណាមួយ​របស់រុស្ស៊ី៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា