អន្តរជាតិ

អាល្លឺម៉ង់ត្រៀមផ្តល់ជំនួយថ្មី១ពាន់លានអឺរ៉ូដល់អ៊ុយក្រែន

ប្រទេសអាល្លឺម៉ង់នឹងផ្តល់ថវិកាជំនួយថ្មីរបស់ខ្លួនឆ្នាំ២០២៣ ចំនួន ១ពាន់លានអឺរ៉ូដល់អ៊ុយក្រែន​ប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្ស៊ី និងប្រមូលភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាម។

លោក Robin Wagener សមាជិកសភា Green ដែលជាប្រធានក្រុមសភាទទួលបន្ទុកអ៊ុយក្រែន បាននិយាយថា “ថវិកានេះបញ្ជាក់យ៉ាងច្បាស់ថា ការគាំទ្ររបស់របស់អាល្លឺម៉ង់លើសពីការផ្តល់​អាវុធសំខាន់ៗទៅទៀត”។ “យើង​កំពុង​វិនិយោគ​យ៉ាង​ច្រើនលើសលប់ហើយ​ក្នុង​សន្តិភាព​នៅ​អឺរ៉ុបនិង​អ៊ុយក្រែន”។ ថវិកាដែលត្រៀមនឹងផ្តល់ជូននេះមានចំនួន ១ពាន់លានអឺរ៉ូ ស្មើនឹង១,០៣ពាន់លាន​ដុល្លារអាម៉េរិក ដែលយកចេញពីថវិកាឆ្នាំ ២០២៣ របស់រដ្ឋអាល្លឺម៉ង់ផ្ទាល់។ វានឹងជួយដល់អ៊ុយក្រែន​ទប់ស្កាត់នូវការវាយប្រហារតាមអ៊ីនធើណេតពីរុស្ស៊ី និងសម្រាប់ប្រមូលភស្តុតាងឧក្រិដ្ឋកម្ម​សង្រ្គាមបានទៀតផង។

បន្ថែមពីនេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានធានាសន្យាជួយការពារដែនអាកាស​អ៊ុយក្រែន​ដែលកំពុងរងការវាយប្រហារជារៀងរាល់ថ្ងៃផងដែរ។ បើរាប់ចាប់ពីសង្រ្គាមថ្ងៃដំបូងមក អាល្លឺម៉ង់​គឺជា​ប្រទេស​ផ្តល់​ជំនួយ​យោធា​ធំ​ទី​បី​ដល់​អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា