អន្តរជាតិ

ហ្សេឡិនស្គីចាប់ផ្តើមរៃអង្គាសលុយទិញដ្រូនសមុទ្រ ការពារការវាយប្រហារពីរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសលុយទិញ​ដ្រូនសមុទ្រគ្មានមនុស្សបើកជាច្រើនគ្រឿង ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

យុទ្ធនាការ United24 ដែលជាគំនិតផ្តួចផ្តើមរបស់ Zelenskyy បានចាប់ផ្តើមហើយនៅសប្តាហ៍នេះ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ជាច្រើនសែនដុល្លារ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីកាលពី​ខែកុម្ភៈបាននិយាយថា អ៊ុយក្រែនត្រូវការយន្តហោះគ្មានមនុស្សបើកចំនួន ១០០ គ្រឿងឈរជើងនៅសមុទ្រ ខណៈមួយគ្រឿងៗមានតម្លៃប្រហែល២៧៤.០០០ដុល្លារអាម៉េរិក។ គេហទំព័រ​រៃអង្គាស​ប្រាក់​បាន​និយាយ​ថា ចាប់​តាំង​ពី​ការ​ឈ្លាន​ពាន​បាន​ចាប់​ផ្តើម រុស្ស៊ី​បាន​បាញ់​មីស៊ីល​ជាង ៤.៥០០ គ្រាប់​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយរាល់​ការ​វាយ​ប្រហារ​គឺចេញ​ពី​សមុទ្រ”។

Zelenskyy បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram កាលពីថ្ងៃសុក្រថា “យើងត្រូវតែ​ការពារដែនទឹកនៃសមុទ្ររបស់យើង និងទីក្រុងសន្តិភាពពីកាំជ្រួចរុស្ស៊ីដែល​បាញ់ចេញពីនាវា” ។ “យន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹក ក៏នឹងជួយបិទច្រករបៀង បង្កើតដែនសុវត្ថិភាព​សម្រាប់កប៉ាល់ស៊ីវិលដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់ពិភពលោកដែរ”។ “ខ្ញុំប្រាកដថាមនុស្សរាប់លាននាក់នឹងគាំទ្រយុទ្ធនាការដ៏សំខាន់នេះ ដើម្បីការពារអ៊ុយក្រែន”៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា