សន្ដិសុខសង្គម

រថយន្តនិងម៉ូតូបើកបុកគ្នាបណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

កំពត៖ក្មេងស្រីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តសណ្តោងប៉ះជាមួយម៉ូតូពេល​កំពុងធ្វើដំណើរស្របទិសគ្នា។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះនឹម ស៊ីនួន អាយុ ១៦ឆ្នាំ នៅភូមិអន្លង់គគីរ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពតជា។ ចំណែកអ្នករួមដំណើរឈ្មោះសំ ណារ័ត្ន អាយុ ១៦ឆ្នាំ នៅខេត្តកំពត រងរបួសធ្ងន់។

មុនកើតហេតុ គេឃើញរថយន្តសណ្តោងបើកវ៉ាជែងម៉ូតូដែលកំពុងធ្វើដំណើរខាងមុខ រួចរថយន្តនោះព្យាយាមបត់ ម៉ូតូក៏បានបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យដួល​រងគ្រោះថ្នាក់តែម្តង។ ក្រោយមកអ្នកបើកបររថយន្តបានរត់គេចបាត់ តែគេស្គាល់គឺឈ្មោះសាំង វ៉ាន្នី អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត៕ដោយ៖កំចាយ